បញ្ជូនខ្លួនជនចែកចាយគ្រឿង៣នាក់ ទៅតុលាការ
កំពង់ឆ្នាំង ៖ ជនចែកចាយគ្រឿងញៀន៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ ។
នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចយើង បានធ្វើឡើងកន្លែង២ខុសគ្នា ក្នុងស្រុកសាមគ្គីមានជ័យ។ ករណីទី១. នៅម៉ោង ៥ល្ងាចថ្ងៃទី២៩ ខែមិថុនា សមត្ថកិច្ច បានចាប់បានឈ្មោះ ឆី ឆុន អាយុ២៩ឆ្នាំ មុខរបរជាកម្មកររោងចក្ររស់នៅក្នុងឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យ ក្នុងពេលគេចុះពីលើរថយន្តដឹកកម្មករ យកគ្រឿងញៀនមកលក់អោយម៉ូយ ចំកម្លាំងបង្កប់របស់សមត្ថកិច្ច ដកហូតបានថ្នាំញៀន១កញ្ចប់ និងទូរស័ព្ទដៃ ១គ្រឿង។ចំណែក ករណីទី២. នៅម៉ោង១និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា សមត្ថកិច្ច ចាប់បានអ្នកចែកចាយគ្រឿងញៀន២នាក់ ទៀត នៅក្នុងរោងចក្រហ្គេតស្ពត មានទីតាំងនៅក្នុងចំការស្វាយ ឃុំសេដ្ឋី , ដកហូតថ្នាំញៀន បាន២៤កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ២គ្រឿង ជនល្មើសទី១.ឈ្មោះ លី នេត្រា អាយុ២២ឆ្នាំ និងទី២.ឈ្មោះ ហ៊ុយ ហឿន អាយុ២៦ឆ្នាំ ពួកគេជាកម្មករក្នុងរោងចក្រខាងលើ រស់នៅក្នុងឃុំស្វាយ និងជាអ្នកចែកចាយគ្រឿងញៀនដ៏សកម្មនៅក្នុងរោងចក្រ។
បច្ចុប្បន្ន ជនល្មើសទាំង៣ នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីអោយតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕