ជនជាតិឡាវម្នាក់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម អាចប្រឈមជាប់ពន្ធនាគារ អស់មួយជីវិត
ភ្នំពេញ ៖ បុរសជនជាតិឡាវម្នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីសាកសួរបទល្មើសជួញដូរគ្រឿងញៀន ជាង៣គីឡូក្រាម ។
សមត្ថកិច្ច បញ្ជាក់ថា តាមទម្ងន់គ្រឿងញៀន និង ធាតុសុទ្ធនៃសារធាតុញៀន តាមច្បាប់ស្តីពីវិសោធនកម្មគ្រឿងញៀន ជនល្មើសរូបនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។
សមត្ថកិច្ច បញ្ជាក់ថា ជនជាតិឡាវរូបនេះឈ្មោះ ខាំផុន ផំម៉ាឡាត អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចការិយាល័យក៩នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ មុខមន្ទីរពេទ្យយោធា ១៧៩ ឫពេទ្យព្រះកេតុមាលា តាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមការសម្របសម្រួលផ្លូវច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង មានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន និង លោកឧត្តមសេនីយ៍ ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន នោះ សមត្ថកិច្ចបានស្រាវជ្រាវ តាមជំនាញរបស់ឈានដល់ការឃាត់ខ្លួនជនល្មើស ដោយជោគជ័យ ។
លោក យិន បញ្ញារិទ្ធ នាយការិយាល័យ ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា មេខ្លោងជួញដូរ គ្រឿងញៀនម្នាក់នេះ និងបក្ខពួក៣នាក់ ដែលកំពុងគេចខ្លួន កម្លាំងជំនាញបានធ្វើការតាមដាន ស្រាវជ្រាវ យូរណាស់ មកហើយ រហូតឈានដល់ការចាប់ខ្លួន ព្រមទាំងដកហូត បានថ្នាំញៀន ប្រភេទ ម៉ាទឹកកកជាង២គីឡូក្រាម និងថ្នាំ WY ជាង១គីឡូក្រាម ។
ដោយឡែកក្រោយការសាកសួរ តុលាការបានសម្រេចឃុំខ្លួនជនល្មើសរូបនេះ ដាក់ពន្ធនាគារបណ្តោះ អាសន្ន ដើម្បីរង់ចាំស៊ើបអង្កេតរកបក្ខពួកបន្ថែមទៀត ៕