វិស័យឯកជន ស្រូវ-អង្ករ សម្ដែងការព្រួយបារម្ភ នៅពេលធនាគាររឹតបន្តឹងឥណទានប្រមូលទិញស្រូវ
ភ្នំពេញ ៖ ក្រុមការងារវិស័យឯកជនពាក់ព័ន្ធ វិស័យស្រូវ អង្ករបានសម្តែងការព្រួយបារម្ភទាក់ទងនឹងកង្វះឥណទាន ប្រមូលទិញស្រូវនាពេលខាងមុខនេះ ខណៈធនាគារនានាបានរឹតបន្តឹងក្នុងការផ្តល់ឥណទានសម្រាប់ វិស័យនេះ។
លោកឧកញ៉ា គឹម សាវុធ អនុប្រធានសហព័ន្ធ ស្រូវ អង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនខ្មែរហ្វូតគ្រុប បានថ្លែងឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៣០ មិថុនានេះថា ធនាគារមួយចំនួនបានកាត់បន្ថយការផ្តល់ឥណទាន និងធនាគារខ្លះទៀតបានកាត់ផ្តាច់ឥណទាន សម្រាប់ប្រមូលទិញស្រូវតាំងពីចុងឆ្នាំ២០១៥ម្ល៉េះ ដែលធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវនានាជួបការលំបាក ក្នុងការស្វែងរកប្រភពទុនដើម្បីប្រមូលទិញស្រូវនៅរដូវប្រមូលផលនាពេលខាងមុខ។លោក បន្តថា កន្លងមកធនាគារបានផ្តល់ឥណទានច្រើនសម្រាប់ទិញស្រូវ ដែលធ្វើឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវនានាយកទុនទៅពង្រីករោងម៉ាស៊ីនរបស់ខ្លួន ដូច្នេះដល់ពេលធនាគាររឹតបន្តឹងបែបនេះ ធ្វើឲ្យរោងម៉ាស៊ីនមួយចំនួនជួបការលំបាក។
លោក បន្តថា ការរឹតបន្តឹងឥណទាន ជាមូលហេតុមួយក្នុងចំណោមមូលហេតុចំនួនពីរ ដែលធ្វើឲ្យការនាំចេញអង្ករធ្លាក់ចុះក្នុងឆ្នាំនេះ ដូច្នេះវិស័យឯកជនសូមស្នើ ឲ្យធនាគារនានា កុំរឹតបន្តឹងឥណទាននៅពេលរដូវប្រមូលផលមកដល់”។
លោក បន្តថា “រដ្ឋាភិបាលគួរមានកញ្ចប់ថវិកាខ្លួនឯង មកជួយវិស័យឯកជនតាមរយៈការផ្តល់ឥណទានរយៈពេលខ្លី និងជួយសម្របសម្រួលជាមួយធនាគារពាណិជ្ជ ដើម្បីឲ្យពួកគេបន្ធូរបន្ថយ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ”។
លោកឧកញ៉ា ភួ ពុយ ប្រធានសម្ព័ន្ធ សមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានថ្លែងស្រដៀងគ្នាថា លោកមានការព្រួយបារម្ភណាស់ ទាក់ទងនឹងការរឹតបន្តឹងឥណ ទានរបស់ធនាគារនានា ដែលធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនជួបការលំបាកក្នុងការស្វែងរកប្រភពទុន ប្រមូលទិញស្រូវនៅក្នុងរដូវប្រមូលផលនាពេលខាងមុខនេះ។ លោក បន្តថា កង្វះឥណទាននឹងធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនត្រូវជាប់គាំង ហើយធ្វើឲ្យវិស័យស្រូវ អង្ករបស់កម្ពុជាមិនអាចដំណើរការល្អផងដែរ។
លោក បន្តថា ការធ្លាក់ចុះនូវការនាំចេញអង្ករ គឺដោយសាររោងម៉ាស៊ីននានា មិនមានលទ្ធភាពប្រមូលទិញស្រូវស្តុកទុក ដើម្បីធ្វើការនាំចេញ។ រដ្ឋាភិបាលគួរជួយអន្តរាគមន៍ធនាគារពាណិជ្ជនានា ដើម្បីជួយផ្តល់ឥណទានសម្រាប់ទិញស្រូវអង្ករនៅរដូវប្រមូលផលនាពេលខាងមុខនេះ។
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជានាយិកាប្រតិបត្តិ ប្រតិបត្តិការនៃធនាគារអេស៊ីលីដា បានថ្លែងថា អេស៊ីលីដាមិនបានកាត់បន្ថយឥណទានសម្រាប់វិស័យស្រូវអង្ករនោះទេ គឺយើងនៅតែផ្តល់ឥណទានសម្រាប់វិស័យឯក ជននៅឡើយ ជាក់ស្តែងឥណទានសម្រាប់វិស័យកសិកម្មមានទំហំ២២ភាគរយនៃឥណទានសរុបរបស់ធនាគារអេស៊ីលីដា ដែលមានទឹកប្រាក់សរុបចំនួន៥៧៧,៤លានដុល្លារអាមេរិក ហើយកំណើនឥណទានសម្រាប់វិស័យនេះកើនឡើងលើសពី២០ភាគរយជារៀងរាល់ឆ្នាំ៕
ដកស្រង់ ៖ គេហទំព័របាយ័ន