ដីព្រៃលិចទឹកក្នុងតំបន់៣ រាប់រយហិចតា រងការទន្ទ្រានឈូសឆាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន អាជ្ញាធរ និងជំនាញ ឆ្លើយមិនដឹង
កំពង់ធំ ៖ ដីព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រតំបន់៣ រាប់រយហិចតា នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវគេយកគ្រឿងចក្រទៅឈូសឆាយរំលោភទន្ទ្រាន យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយអាជ្ញាធរ និងសមត្ថកិច្ច ជំនាញឆ្លើយថា មិនដឹង។
យោងតាមការចង្អុលបង្ហាញ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដីព្រៃលិចទឹក ដែលការឈូកឆាយ នេះ ស្ថិតនៅចំណុចបឹងអង្ក្រង ខាងត្បូងបឹងធំ និងខាងលិចបឹងរៀល ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់៣ ក្នុងឃុំសាន់គរ ហើយសកម្មភាពគ្រឿងឈូសឆាយដីព្រៃលិចទឹកនេះ គឺបានបានកើតឡើងតាំងពី កំឡុង ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែមិនឃើញមានការអន្តរាគមន៍ បង្ក្រាប និងទប់ស្កាត់នោះទេ ទើបពួក គាត់លួចផ្ដល់ដំណឹងទម្លាយរឿងនេះ ដល់អ្នកសារព័ត៌មាន។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនេះ បានបន្តថា បើលឺតាមគេនិយាយ គឺការឈូសឆាយនេះ មាន ការរៀបចំឲ្យឈ្មួញធំ ណាម្នាក់ ដោយមានការឃុបឃិតពីលោកមេប៉ុស្ដិ៍សាន់គរ និងលោក សៅ សិរីវុឌ្ឍន៍ នាយសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយ។ ទិដ្ឋភាពជាក់ស្ដែង ដីព្រៃលិចទឹក ដែលរងការ ឈូសឆាយនេះ គឺគេឈូសឆាយ ជាច្រើនកន្លែងជាប់ៗគ្នា ហើយទុករបាំងព្រៃរបៀបជាព្រំប្រទល់ ដែលធ្វើឲ្យប្រជាពលរដ្ឋសន្និដ្ឋានថា ជាបំភ័ន្តភ្នែកថា សកម្មភាពឈូសឆាយនេះ គឺជាប្រជាពលរដ្ឋ ក្នុងការកាន់កាប់ ជាលក្ខណគ្រួសារ ប៉ុន្តែការពិតនៅពេលមានឱកាសល្អ ឬត្រូវរ៉ូវគ្នាអស់ហើយ គឺគេ ឈូសទម្លាយព្រៃព្រំប្រទល់នោះចេញ គឺផុសចេញផ្ទៃដីរាប់រយហិតាតែម្ដង។
លោក សៅ សិរីវុឌ្ឍ នាយសង្កាត់រដ្ឋបាល ជលផលកំពង់ស្វាយ ប្រាប់អ្នកសារព័ត៌មានឲ្យដឹង ថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនោះទេ សូម្បីតែដឹងក៏ លោកមិនបានដឹងផង ទើបតែដឹងតាមអ្នកសារព័ត៌មាននេះ តែប៉ុណ្ណោះ ជាមួយគ្នានេះ លោកបានសួរទៅខាងសហគមន៍ គឺគេឆ្លើយថា មានការឈូកឆាយដីព្រៃលិចទឹកនៅតំបន់នោះមែន ហើយលោកបានរាយការណ៍ទៅ លោក អភិបាលស្រុករួចហើយ ហើយនៅបំណាច់ខែនេះ លោកអភិបាលស្រុកនឹងដឹកនាំ កំលាំងចុះ ទៅពិនិត្យនៅតំបន់នោះហើយ។
ប៉ុន្តែទោះជាមានការអះអាងយ៉ាងនេះក្ដី ក៏លោក អ៊ុត បុត្ត អភិបាលស្រុកកំពង់ស្វាយ មិន បានបំភ្លឺដូចម្ដេចនោះទេ ពីករណីដីនេះ ព្រោះពេលនេះ អ្នកសារព័ត៌មាន ព្យាយាមទំនាក់ទំនងសុំ បំភ្លឺពីលោកមិនបាននោះទេ៕