ពលរដ្ឋខ្មែរ៤នាក់ ដែលចូលកាប់ឈើគ្រញូង ក្នុងតំបន់ហាមឃាត់ ត្រូវបានសមត្ថកិច្ច ថៃចាប់ខ្លួន
បាត់ដំបង ៖ ពលរដ្ឋខ្មែរ ៤នាក់ ក្នុងចំណោមគ្នាប្រមាណ៣០នាក់ ដែលស៊ីឈ្នួល កាប់ឈើ និងលីឈើគ្រញូង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ារ៉ាថៃ ឃាត់ខ្លួនដើម្បីបញ្ជូនទៅកាន់ អង្គភាពជំនាញ ខណៈពួកគេ បានលបចូលទៅកាប់ឈើគ្រញូង ក្នុងទឹកដីថៃ ដែលស្ថិតក្នុងតំបន់ហាមឃាត់ ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា នៅមុនកិច្ចប្រតិបត្តិការ គឺកំលាំងជំនាញបានទទួល សេចក្តីរាយការណ៍មួយពីប្រជាពលរដ្ឋ ដែលចូលទៅរកវល្លិ៍ និងរកផ្សិត បានបញ្ជាក់ថា មានមនុស្សមួយក្រុមប្រមាណ៣០នាក់ បាននិងកំពុងស្ពាយឈើគ្រញូងចុះពីជួរភ្នំ វ៉ាំងក្រាក់ថៈ នៅចំកណ្តាលឧទ្យានជាតិប៉ាងស៊ីដា ស្ថិតក្នុងភូមិ៨ ឃុំណងម៉ាកហ្វាយ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះរួចមក គឺកំលាំងមេព្រៃប្រចាំតំបន់ហ៊ួយឆាន់ បានធ្វើការសហការជាមួយក្រុមអភិរក្ស ឧទ្យានជាតិប៉ាងស៊ីដា កំលាំងយោធា និង ក្រុមតម្រួតថៃ ជាច្រើននាក់ បានចេញប្រតិបត្តិការទៅកាន់ចំនុចខាងលើ ដោយធ្វើការ ឡោមព័ទ្ធ ក៏បានប្រទះឃើញមនុស្សជាច្រើននាក់ កំពុងស្ពាយឈើគ្រញូងចុះពីតំបន់ភ្នំ មកបន្តកន្ទុយគ្នាមែន ។
ប្រភព ដដែល បន្តថា គ្រាន់តែឃើញកំលាំងចំរុះភ្លាមពួកគេបានធ្វើជាសញ្ញា ដើម្បីអោយគ្នីគ្នាទម្លាក់ឈើចោល ហើយរត់យករួចខ្លួនរៀងៗខ្លួនដោយបន្សល់ឈើ គ្រញូងនៅទីនោះសរុបចំនួន៥០ដុំ ព្រមទាំង បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដើម្បី នាំយកមកកាន់ស្នាក់ការធ្វើការសាកសួរ ដោយជនទាំង៤នាក់ នោះគឺជាកម្មករខ្មែរ ដែលមានមេក្លោងជាជនជាតិថៃ បានដឹកនាំកំលាំងនេះអោយចូលទៅកាប់ឈើទាំងនេះ ។
ពលរដ្ឋខ្មែរទាំង៤នាក់នោះ ទី១ សឿ ហ៊ុំ ភេទប្រុស អាយុ៣៥ឆ្នាំ ២គុណ ផាកុលភេទប្រុស អាយុ៣៤ឆ្នាំ ៣ ហេន សំអាត ភេទប្រុស អាយុ៣៦ឆ្នាំ និង៤ រ៉េត បោយ ភេទប្រុស អាយុ៣៧ឆ្នាំ ដោយពួកគេបានសារភាពថា ពួកគេមានគ្នា ប្រមាណ៣០នាក់ ដោយបែងចែកជាពីរក្រុម គឺក្រុមទីមួយជាអ្នកចូលទៅកាប់ និងជ្រៀក ឯក្រុមទីពីរគឺជា អ្នកស្ពាយចុះពីភ្នំ ហើយពួកគេត្រូវមេឈ្មួញថៃជួលអោយស្ពាយឈើនេះចេញពីតំបន់ ឧទ្យាន ថាប់ឡាន ក្នុងខេត្តប្រាជីនបុរី ដោយដើរកាត់ព្រៃចេញទៅតំបន់ ប៉ាងស៊ីដា ហើយចុះពីភ្នំវ៉ាំងក្រាក់ថៈ ទើបមានរថយន្តមកចាំដឹកនៅទីនោះ ។
បច្ចុប្បន្នក្រោយពេលចុះកិច្ចប្រតិបត្តិការ កំលាំងជំនាញបានប្រមូលឈើគ្រញូងទាំង៥០ដុំ យកទៅរក្សាទុកនៅស្នាក់ការ ដោយឡែកកម្មករខ្មែរទាំង៤នាក់ ក៏កំពុងនាំខ្លួនយកទៅសាកសួរបន្តនៅអង្គភាព ជំនាញក្នុងខេត្តស្រះកែវដែរ ៕