ស្រាឆ្ងាញ់មិនព្រមផឹកចងផឹកស្រាពិន័យ ទីបំផុតម្នាក់រងរបួស ម្នាក់ត្រូវជាប់ខ្នោះ
តាកែវ ៖ និយាយឌឺដងដាក់គ្នា រហូតក្លាយជាអំពើហិង្សាមួយបានកើតឡើងនៅវង់ផឹកស៊ីមួយកន្លែងក្នុងភូមិពេលល្ងាច ព្រោះតែ ខឹងហៅមិត្តភ័ក្ដិដែលធ្លាប់ផឹកពីមុនជាមួយមិនព្រមផឹកជាមួយ។
លោកមេប៉ុស្តិ៍ឃុំលាយបូរ បានឲ្យដឹងថា អំពើហិង្សាដែលកើតឡើងនេះ គឺនៅក្នុងវង់ផឹកស៊ីផ្ទះជនសង្ស័យតែម្តង នៅល្ងាចថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៦។ ជនសង្ស័យក្នុងករណីនេះមានឈ្មោះ ជាម បានណាបាស បានវាយទៅលើជនរងគ្រោះ ឈ្មោះ ឈឹម ចិត្រា ដែលអ្នកទាំងពីររស់នៅក្នុងភូមិជាមួយគ្នាគឺនៅភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក បានបន្តទៀតថា ក្រោយពេលអំពើហិង្សានេះ កើតឡើងជនរងគ្រោះបានទៅប្តឹងលោកមេភូមិ ហើយ លោកមេភូមិក៏បានរាយការណ៍មកកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតែម្តង។ ក្រោយពេលដែលទទួលបានព័ត៌មានករណីហិង្សានេះ ភ្លាម កម្លាំងលោកបានចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យបង្កហិង្សាមកសាកសួរបន្ថែម។
បច្ចុប្បន្នក្រោយការសាកសួរជនសង្ស័យរួចមក កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ បានបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ នៅល្ងាចថ្ងៃដដែល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕