អាជ្ញាធរខេត្តកំពង់ចាម ដុតកម្ទេចគ្រឿងញៀនជាច្រើនគីឡូក្រាម ដែលបង្ក្រាបបានកន្លងមក
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំពិធីដុតកំទេចចោលវត្ថុ តាងគ្រឿងញៀន ជាច្រើនគីឡូក្រាម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៦នេះ នៅទីលានវាលខ្សាច់មាត់ទន្លេក្រុង កំពង់ចាមក្រោមអធិបតីភាព លោក ជឹមលាវ អភិបាលរងខេត្តកំពង់ចាម ។
របាយការណ៍ លទ្ធផលត្រួតពិនិត្យគ្រឿងញៀន បានបញ្ជាក់ថា ការជួញដូរគ្រឿងញៀននៅខេត្តកំពង់ចាម ពួកជនល្មើស បាននាំគ្រឿងញៀនពីភ្នំពេញមកធ្វើការចែកចាយក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺប្រើវិធីសាស្ត្រវេចខ្ចប់ ជាមួយសម្ភារៈរបស់ទ្រព្យអ្វីមួយរួចផ្ញើ តាមរថយន្តឈ្នួលហើយ ទំនាក់ទំនង តាមទូរស័ព្ទដៃ និងមានការផ្ទេប្រាក់ តាមទូ រមាស តាមធនាគារ ឯកជន ឬតាមសេវាផ្ទេរ ប្រាក់ វីង ជាដើម។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងឆ្នាំ2015 កន្លងមក មានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន 419នាក់ (ស្រី5នាក់)គឺ ៖ -អាយុ10ឆ្នាំ ដល់17ឆ្នាំ ចំនួន18នាក់,អាយុ18ដល់25ឆ្នាំចំនួន277នាក់(ស្រី4)។ -អាយុ26ដល់45ឆ្នាំ ចំនួន123នាក់ (ស្រី1នាក់) អាយុ46ឆ្នាំឡើងទៅចំនួន1នាក់។ ក្នុងនោះមានសិស្សសាលាចំនួន11នាក់,ស្រី ខារ៉ាអូខេ ចំនួន3នាក់, មុខរបរមិន ពិតប្រាកដចំនួន128នាក់(ស្រី2នាក់) កម្មករ-ពលករជាង124នាក់ អ្នកជំនួញ 7នាក់។ មុខរបរផ្សេងៗចំនួន145នាក់,កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ ចំនួន1នាក់។
របាយការណ៍ បានបញ្ជាក់ទៀតថា សមត្ថកិច្ច និងអាជ្ញាធរប្រយុទ្ធប្រឆាំង គ្រឿងញៀន បានធ្វើការផ្សព្វផ្សាយអប់រំប្រព័ន្ធ ចំនួន14លើកនៅថ្នាក់ជាតិ2លើក និងថ្នាក់ខេត្តចំនួន12លើក។ ផ្សព្វផ្សាយតាមការប្រគុំតន្ត្រីចំនួន8លើក មានអ្នកចូលរួមប្រមាណ 20.823នាក់។ ផ្សព្វផ្សាយតាមសហគមន៍ចំនួន39លើក មានអ្នកចូលរួម 44.685នាក់។
របាយការណ៍ដដែល បានបន្ដទៀតថា នៅក្នុងឆមាសទីមួយ ឆ្នាំ2016នេះ សមត្ថកិច្ច បានបង្ក្រាប ចំនួន104 ករណី ចាប់បានមនុស្ស245នាក់ (ស្រី19នាក់) ដកហូតថ្នាំញៀន334,61ក្រាម។ ដោយឡែកនៅឆ្នាំ2015 ដកហូតថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន196,01ក្រាម ត្រូវបានរៀបចំដុតកំទេចចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះតែម្ដង ។
ក្នុងឱកាសនោះផងដែរ លោក ជឹមលាវ អភិបាលរងខេត្តកំពង់ចាម បានធ្វើការកោតសរសើរដល់កំលាំងសមត្ថកិច្ច ដែលខិតខំប្រយុទ្ធប្រឆាំងបង្ក្រាប ការជួញដូរថ្នាំញៀនកន្លងមក រហូតទទួលបានលទ្ធផលគាប់ប្រសើរ។ ក្នុងនោះ អភិបាលរង ក៏សំនូមពរដល់ស្រទាប់យុវជន យុវនារីជាសសរទ្រូងជាតិ និងបងប្អូនគ្រប់មជ្ឈដ្ឋាន ត្រូវចៀសវាងអោយឆ្ងាយពីគ្រឿងញៀន និងរួមគ្នាធ្វើការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដែលផ្តល់ប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសន្តិសុខគ្រួសារសង្គមជាតិទាំងមូល ៕