ប្តីប្រមឹក វាយប្រពន្ធរហូតដល់ស្លាប់ ព្រោះតែសុំលុយ២ពាន់រៀល ទិញស្រាផឹកមិនបាន
តាកែវ ៖ អំពើហិង្សាក្នុងគ្រួសារមួយបានបង្កឡើងដោយប្តីប្រមឹកចិត្តតិរច្ឆាន ស្រវឹងស្រាជោគជាំ បានមកសុំលុយប្រពន្ធ២០០០រៀល ទិញស្រាផឹកបន្ថែមមិនបាន ខឹងវាយប្រពន្ធ រហូតដល់ស្លាប់ ភ្លាមៗនៅនឹងផ្ទះរបស់ខ្លួនឯងតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែលជា២២យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅ និងផ្ទះរបស់ខ្លួនភូមិព្រែកតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។
លោកអធិការនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា ជនសង្ស័យបង្កហិង្សារហូតដល់ស្លាប់បាត់បង់ជីវិតប្រពន្ធនេះ មានឈ្មោះ វេត សាក់ ភេទប្រុសអាយុ៣៦ឆ្នាំ បានវាយប្រពន្ធខ្លួនឯងឈ្មោះ ប៉ុល ស្តើង អាយុ៣៤ឆ្នាំ រហូតដល់ស្លាប់ ក្រោយពេលផឹកស្រាស្រវឹងជោគជាំនិយាយគ្នាលែងស្តាប់បាន ហើយដោយចង់ផឹកស្រាបន្តទៀត គេក៏បានសុំលុយប្រពន្ធខ្លួនទិញថែម តែប្រពន្ធមិនឲ្យកកើតទៅជាអំពើហិង្សាវាយដំតែម្តងទៅ។
ក្រោយពេលកើតហេតុខាងលើកម្លាំងនគរបាលរដ្ឋបាលឃុំគីរីចុងកោះ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនបុរសជាប្តីស្ត្រីរងគ្រោះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគិរីវង់ចាត់ការបន្តតាមនីតិវិធី។
ករណីប្តីវាយសម្លាប់ប្រពន្ធខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះមានសេចក្តីសោកសង្រេងជាពន់ពេក ព្រោះតែកូន៤នាក់ ត្រូវកំព្រាគ្មានទីពឹង ណាម្តាយត្រូវស្លាប់ ឪពុកត្រូវជាប់គុក តើអនាគតឲ្យគ្នាទៅទីពឹងអ្នកណា? រឿងនេះគួរបន្ទោសខាងណា បើឥទ្ធិពលស្រា ថ្នាំញៀនវាខ្លាំងក្លា ដល់ថ្នាក់មើលអ្វីលែងយល់ទៅហើយនោះ៕