រថយន្ត បុកបន្តកន្ទុយគ្នា ខូចខាតយ៉ាងដំណំរៀងៗខ្លួន ប៉ុន្ដែមិនបណ្ដាលឲ្យមនុស្សរងរបួស
បន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងដឹកអ្នកដំណើរ បានបើកបុកជាមួយរថយន្តយីឌុប និងបើកទៅប៉ះនិងរថយន្តតូរីស និងរថយន្តប៉ែនទៀត បណ្តាល ឲ្យរថយន្តទាំងអស់ ខូចខាតយ៉ាង ដំណំ រៀងៗខ្លួន។
ហេតុការណ៍បុកបន្ដបន្ទាប់គ្នានេះ បានកើតឡើង នៅវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ398 និង 399ស្ថិតនៅ ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹង ថាមុនពេលកើតហេតុនោះ មានរថយន្តក្រុងពាក់ស្លាកលេខ 3D 3567 ភ្នំពេញ បើកដោយឈ្មោះ ផេង សាម៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុងភ្នំពេញបើកតាមផ្លូវជាតិលេខ៥ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនោះបានរេចង្កូតទៅប៉ះ និងរថយន្តយីឌុប បើកពីមុខពាក់ស្លាកលេខ3A 0551 ស្វាយរៀង បើកដោយឈ្មោះ ឃួន សុខរឿម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបន្តទៅប៉ះនិងរថយន្តតូរីសពាក់ផ្លាកលេខ 2P 7147 ភ្នំពេញ បើកដោយឈ្មោះ នង ម៉េងស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបណ្តាល ឲ្យរថយន្តនោះធ្លាក់ផ្លូវ ខូចខាតធ្ងន់ធ្ងរហើយបន្តទៅប៉ះនិងរថយន្តបែនដឹកដីរបស់ចិនគ្មានស្លាកលេខលេខ កម្មសិទ្ធិរបស់ក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ59 បើកដោយឈ្មោះ ទេព ចិន្តា ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅក្រុងភ្នំពេញ ក្នុងហេតុការបុកគ្នាបន្តកន្ទុយនោះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះទេ។
លោក បានបញ្ជាក់ទៀតថា មូលហេតុបណ្តាលឲ្យប៉ះគ្នានោះដោយសាររថយន្តបែនដឹកដីខូច លើទ្រូងផ្លូវ ហើយរថយន្តបែនដឹកដីមួយទៀតមក ចតទន្ទឹមគ្នាដើម្បីកូវអាគុយបញ្ឆេះនឹងមានភ្លៀងធ្លាក់ មានដីរអិលផង។ក្រោយពីកើតហេតុរួចរថយន្តខូចស្រាល២គ្រឿង ខូចធ្ងន់១គ្រឿង។ ចំពោះរថយន្តខូចខាតស្រាលត្រូវបានស្រុះស្រួលគ្នាជួសជុលរៀងខ្លួន ចំពោះរថយន្តខូចធ្ងន់ នឹងរថយន្តបង្កត្រូវរក្សារទុកនៅអធិការក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕