ឃាត់ខ្លួនយុវជនម្នាក់ តាមដីកាបង្គាប់របស់តុលាការ
ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាលស្រុកបន្ទាយអំពិល សហការជាមួយនគរបាលមូលដ្ឋាន ចុះចាប់ខ្លួនយុវជនម្នាក់ តាមដីកាបង្គាប់ របស់តុលាការ ពីបទជួញដូរសារធាតុញៀន ដោយខុសច្បាប់ ។
ប្រតិបត្តិការនេះ មានកម្លាំងនគរបាលស្រុកបន្ទាយអំពិល ចំនួន៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឃុល ភិន អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអំពិល ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ០០៣/១៦ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ របស់លោក អាំង សុភា ចៅក្រុមជំនុំជម្រះនៃសាលាដំបូងខេត្តឧត្តរមានជ័យ បង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ផាន់ ម៉ែត ភេទប្រុស អាយុ២២ រស់នៅភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីបទជួញដូរគ្រឿងញៀន ដែលប្រព្រឹត្តនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។
លោកវរសេនីយ៍ត្រី ឃុល ភិន បានឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច សម្រេចឃុំខ្លួនបណ្ដោះអាសន្ន រងចាំការវិនិច្ឆ័យទោស ទៅតាមច្បាប់៕