មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន៣៨រូប ធ្វើពិធីប្រកាសផ្ទេរភារកិច្ច
បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិកាលពី រសៀលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន២៦រូប និងមកពីខេត្តពោធិសាត់ បាត់ដំបង ព្រះវិហារ និងឧត្តរមានជ័យ១២រូប ។
លោកឧត្តមសេនីយ៍ត្រី ពូន សានិត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ជាស្នងការបានអោយដឹងថា មន្ត្រីនគរបាលដែលត្រូវដំឡើងឋានន្តរសក្ដិមានចំនួន២៦រូប ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន១២រូប។
ជាមួយនេះដែរ លោកវរសេនីយ៍ ឯក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានបំពាក់ឋានន្តរសក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី និងបានប្រកាសផ្ទេរភារកិច្ចតែងតាំងលោក អ៊ុំ សុផល ពីអធិការក្រុងប៉ោយប៉ែត មកកាន់ជាស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកសណ្តាប់ធ្លាប់ ដោយដាក់ជំនួសលោក ធិន ស៊ិនដេត ពីប្រធានការរិយាល័យគ្រឿងញៀនមកជាអធិការក្រុងប៉ោយប៉ែតវិញ។ផ្លាស់ប្តូរទៅវិញទៅមកនៅនាយការិយាល័យអន្តោប្រវេសន៍ និងការិយាល័យសណ្តាប់ធ្លាប់ ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមមានប្រសាសន៍សសើរដល់កងកំលាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ជាស្នងការបានរក្សាបាននៅសន្តិសុខសណ្តាប់ធ្លាប់ ជាពិសេសការទប់ស្កាត់ បង្ក្រាបបានបទល្មើសចោរប្លន់ប្រដាប់អាវុធ និងការចូលរួមក្នុងកិច្ចការសង្គម ដូចជា ជួយសាងសង់ផ្ទះពលរដ្ឋ ចែកទឹកជូនពលរដ្ឋ។
ឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ក្រោយពីទទួលបានមុខតំណែង និងឋានន្តរសក្តិត្រូវបន្តធ្វើការជូនជាតិ និងពលរដ្ឋធ្វើយ៉ាងណារក្សាការពារសន្តិសុខសណ្តាប់ធ្លាប់ ជូនពលរដ្ឋទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕