មន្ដ្រីជំនាញ ផ្សព្វផ្សាយ ពីគុណភាពចំណីអាហារ ដល់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុន សែន មង្គលបូរី
បន្ទាយមានជ័យ ៖ សិស្សានុសិស្ស ប្រមាណ៥០០នាក់ នៅវិទ្យាល័យហ៊ុន សែន ស្ថិតក្នុងឃុំឫស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៦ ទទួលបានការផ្សព្វផ្សាយ ណែនាំ ពីការបរិភោគអាហារមានគុណភាពពីមន្ត្រីកាំកុងត្រូល។
លោក លន់ ស៊ីថា អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការណែនាំពីនាយកដ្ឋានកាំកុងត្រូល និងការចាត់តាំងពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តដើម្បី ចុះផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្ស អោយមានការយល់ដឹងពីទំនិញជាម្ហូបអាហារដែលច្បាប់ ហាមឃាត់ និងប៉ះពាល់សុខភាពដែលភាគច្រើនក្មេងៗមិនយល់មិនដឹងហើយតែងទិញញាំ ។
លោក បានណែនាំដល់សិស្សានុសិស្ស នៅពេលទិញទំនិញទៅបរិ ភោគ និងទៅប្រើប្រាស់ត្រូវមើលពីការបរិច្ឆេទ និងគុណភាពអោយបានត្រឹមត្រូវមុន និងហូបជៀសវាងផលប៉ះពាល់ដល់សុខភាព ។ព្រោះថា សុខភាពគឺជាកត្តាសំខាន់ របស់មនុស្ស។ដូចនេះ សូមអោយសិស្សានុសិស្ស ក្រោយពេលទទួលការអប់រំ និងណែនាំរួចត្រូវផ្សព្វផ្សាយបន្តទៅដល់គ្រួសារបងប្អូនមិត្តដទៃទៀតដើម្បីរួចផុតពីជំងឺនានា៕