តុលាការ ដោះលែងម្ចាស់ រថយន្ត ដែលអ្នកជិះម៉ូតូវ៉ាបុក ស្លាប់ខ្លួនឯង
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនវ៉ារថយន្តមិនផុតក៏ជ្រុលបុករថយន្តមួយគ្រឿងទៀតពេញទំហឹងបណ្តាលឲ្យស្លាប់ខ្លួនឯងភ្លាមៗ ។ ទោះបីយ៉ាងណា ម្ចាស់រថយន្តដែលអ្នកជិះម៉ូតូជ្រុលជិះបុកនោះ ត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែរហូតមកទល់ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងម្ចាស់រថយន្តរូបនេះឲ្យមានសេរីភាពឡើងវិញ ។
ពាក់ព័ន្ធការដោះលែងនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា មូលហេតុនៃការដោះលែង បន្ទាប់ពីតុលាការរកឃើញថា ថាម្ចាស់រថយន្តគ្មានកំហុស យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ ២០ អា ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ ។
សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ រុល វិនដា ភេទប្រុស អាយុ ២៦ឆ្នាំ រីឯ ជនរងគ្រោះឈ្មោះ សំ រតនៈ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរកម្មកររោងចក្រ ។
សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH 5300 ជិះចេញពីលំនៅដ្ឋាន តាមបណ្តោយផ្លូវលេខ ២០អា ក្នុងទិសដៅពីលិចទៅកើតឆ្ពោះមករង្វង់ដីក្រហម ។ លុះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែជ្រុលទៅបុកពេញទំហឹង ជាមួយរថយន្ត ម៉ាក ហ៊ី យ៉ានដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D.1307 ដែលកំពុងបើករបរក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីកើតទៅលិច បណ្តាលជនរងគ្រោះបោកក្បាល នឹងក្បាលរថយន្ត ធ្លាក់ចេញពីម៉ូតូ ត្រូវរថយន្តកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មភ្លាម។ ចំណែករថយន្តបន្ត អូសម៉ូតូ នៅក្រោមរថយន្តជាង២០ម៉ែត្រ ទើបទៅមុខលែងរួច ៕