ឃាត់ខ្លួន មន្ដ្រីអង្គរក្សម្នាក់ ដកហូតកាំភ្លើងខ្លី មួយដើម ក្នុងករណី គំរាមបាញ់ មេខ្លួនឯង
ភ្នំពេញ ៖ កម្លាំងអាវុធ ហត្ថខណ្ឌដូនពេញ ឃាត់ខ្លួន មន្ត្រីនៅអង្គភាពបញ្ជាការដ្ឋានអង្គរក្សកងអន្តរាគមន៍៥១១ ម្នាក់ ដកហូតអាវុធ ខ្លី១ដើម បន្ទាប់មន្ត្រីរូបនេះ បានដកកាំភ្លើងគំរាមបាញ់លើ ជនរងគ្រោះ ជាប្រធានសន្តិសុខ នៅសុរិយាម៉ល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាកាលពីវេលាម៉ោង១ និង២០នាទីយប់ ឈានចូល ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៦ នៅចំណុចការិយាល័យផ្សារសុរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ ស៊ុំ វ៉េង ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរជា អង្គរក្សនៅអង្គភាពបញ្ជាការដ្ឋានកងអន្តរាគមន៍៥១១ ឋានៈ អនុសេនីយ៍ឯក និងជាសន្តិសុខផ្សារសុរិយាម៉ល យាមវេនថ្ងៃ ។ រីឯជនរងគ្រោះឈ្មោះ អ៊ិន ពៅ (ហៅអឹមវ័ន) ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាប្រធានសន្តិសុខផ្សារ សុរិយាម៉ល វេនយប់ ស្នាក់នៅផ្ទះលេខ៦២៨ ភូមិអរិយក្សត្រ ឃុំអរិយក្ស។
ប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅយប់កើតហេតុ ជនសង្ស័យជា មន្ត្រីអង្គរក្សបានដើរចូល ទៅក្នុងការិយាល័យផ្សារសុរិយាម៉ល ក្នុងស្ថានភាពស្រវឹង ជោគជាំ ជាមួយនិងបក្ខពួក៣នាក់ ទៀត ខណៈនោះជនរងគ្រោះ ដែលជាប្រធានសន្តិសុខផ្សារសុរិយាម៉ល យាមវេនយប់ បាន សួរនាំទៅកាន់ជនត្រូវសង្ស័យថា ហេតុអ្វី បានជានាំអ្នកជិតខាង ក្រៅចូលមកក្នុងការិយាល័យដោយគ្មានការអនុញ្ញាត ពីរូបគេទៅវិញ ដោយបានប្រទាក់ពាក្យសំដីគ្នាទៅវិញទៅមក បណ្ដាលឲ្យមន្ត្រីកងអង្គរក្សស្រវឹង ទាំងកំរោល បានដកកាំ ភ្លើងខ្លីម៉ាក K៥៤ ពីចង្កេះ អាមេ បញ្ចូលគ្រាប់គំរាមបាញ់ទៅ លើជនរងគ្រោះតែម្ដង ។តែពុំ ទាន់បានផ្ទុះអាវុធផង ក៏ត្រូវក្រុមសន្តិសុខដែលបានឃើញ ហេតុការណ៍បានរាយការណ៍ទៅកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ ដូនពេញមកជួយអន្តរាគមន៍ ឃាត់ខ្លួនមន្ត្រីអង្គរក្ស ដែលដកកាំភ្លើងគំរាមគេនោះភ្លាមៗតែ ម្ដង ។ជាមួយគ្នានោះ កម្លាំងអាវុធហត្ថខណ្ឌបានដកហូតកាំ ភ្លើងខ្លី១ដើមម៉ាក K៥៤ រួមជាមួយគ្រាប់ចំ នួន៧គ្រាប់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យប្រើប្រាស់អាវុធគំរាម រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ រៀបចំកសាងបញ្ជូនខ្លួនបន្តទៅកាន់ជំនាញការិយាល័យ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕