ផ្តន្ទាទោស ប្រធានកាសែតតាព្រហ្មមុខបួន មួយរូបដាក់ពន្ធនាគារ ត្រូវ២៥ឆ្នាំ រឿងជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោក លីម ម៉េង ប្រធានសាខាភ្នំពេញកាសែតតាព្រហ្មមុខបួន ដាក់ពន្ធនាគាររយៈពេល២៥ឆ្នាំ និងពិន័យ៥០លានរៀលចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនកន្លះគីឡូក្រាម ។
ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ សម្រេចផ្ដន្ទាទោសលោក លីន ម៉េង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ចៅក្រមទុកសិទ្ធិរយៈពេល១ខែដល់ជនជាប់ចោទប្តឹងទៅសាលាឧទ្ធរណ៍ ប្រសិនបើមិនសុខចិត្តចំពោះការសម្រេចនេះ ។
គួររំលឹកថា លោក លីន ម៉េង អាយុ៣៣ឆ្នាំ មុខរបរប្រធានសាខាភ្នំពេញ កាសែតតាព្រហ្មមុខបួន ត្រូវបាននគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ភូមិមានជ័យមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្នុងប្រតិបត្តិការនេះ នគរបាលដកហូតបានគ្រឿងញៀនមួយកញ្ចប់ធំ ទម្ងន់កន្លះគីឡូក្រាម៕