ថ្នាំញៀនមិនមែនជាថ្នាំ ប៉ូវកម្លាំងនោះទេ តែផ្ទុយទៅវិញ វាបានបំផ្លាញជីវិត និងអនាគតយើងគ្រប់គ្នា
បន្ទាយមានជ័យ ៖ អភិបាលនៃ គណះអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បានបញ្ជាក់ថា ថ្នាំញៀនមិនមែនជាថ្នាំ សំរាប់ប៉ូវកម្លាំងនោះទេ តែផ្ទុយទៅវិញថ្នាំញៀន វាពិតជាបំផ្លាញជីវិតនិងអនាគតយើងគ្រប់គ្នា។
លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្បែរតំបន់ ដែលងាយកើតមានបទល្មើសគ្រឿងញៀន សូមកុំទាញ យកផលប្រយោជន៍ពីបទល្មើសនេះ ហើយសូមរាយការណ៍មកកាន់សមត្ថកិច្ច ធ្វើបង្ក្រាបទប់ស្កាត់បោសសំអាត ដើម្បីប្រទេសយើងគ្មានគ្រឿងញៀន។
លោក សួន បវរ ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩មិថុនា ២០១៦ ក្រោមការចូលរួមពីលោក ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមផងដែរ ។
តាមការលើកឡើងរបស់លោក នាយករដ្ឋបាលសាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ក្នុងការ អនុវត្តច្បាប់របស់សមត្ថកិច្ចលើការបង្ក្រាបគ្រឿងញៀនមាននគរបាល ប៉េអិម បាន៨៩លើកមានជនសង្ស័យ២០៣នាក់។
របាយការណ៍ បានឲ្យដឹងថា ក្នុងការអនុវត្តច្បាប់ នគរបាលខេត្តបន្ទាយមានជ័យបង្ក្រាបបទល្មើសគ្រឿងញៀនបាន៦៩ លើកឃាត់ខ្លួនបាន១៦៦នាក់ ស្រី១៣នាក់ ។ ចំណែក កងរាជអាវុធហត្ថខេត្ត បាន២០លើ ឃាត់ខ្លួនបាន៣៧នាក់ ស្រី៨នាក់។ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន wy 62125គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទឹកកក បានចំនួន ១៩០.២៥៩ ក្រាម ក្នុងនោះដែររឹបអូសរថយន្ត៣គ្រឿង ម៉ូតូ២៣គ្រឿង និងទូរសព្ទ័១១០គ្រឿង។
បន្ទាប់ពីអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន លោក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវ បន្តអនុវត្តតាមចរាចរណ៍០១បង្ក្រាប ទប់ស្កាត់គ្រឿងញៀន នឹងព្យាបាលជនរងគ្រោះដោយសារធាតុញៀន៕