ផ្តន្ទាទោសប៉ូលិសស័ក្ដិមួយ ដាក់គុក១០ឆ្នាំ ពីបទ សម្លាប់មួយគ្រួសារ៣នាក់ នៅខណ្ឌចំការមន
ភ្នំពេញ ៖ ករណីឃាតកម្មបាញ់សម្លាប់ក្រុមគ្រួសារលោកមេភូមិទួលស្វាយព្រៃ១ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ជាបន្តបន្ទាប់ ទីបំផុតជនដៃដល់ជាប៉ូលិសស័ក្ដិ មួយនៅក្រសួងមហាផ្ទៃ ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ១០ឆ្នាំ ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសឈ្មោះ កែវ សុវណ្ណរិទ្ធ អាយុ២៨ឆ្នាំ ដាក់ពន្ធនាគារ១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ២២C ផ្លូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ សាលក្រមដដែលនេះ បើកផ្លូវឲ្យជនជាប់ចោទប្តឹងទៅសាលាឧទ្ធរណ៍១ខែ ប្រសិនបើមិនសុខចិត្តចំពោះការផ្តន្ទាទោសនេះ ។ នាសវនាការកន្លងទៅ ជនជាប់ចោទ កែវ សុវណ្ណរិទ្ធ បានសារភាពថា ខ្លួនពិតជាបានបាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះតែការពារខ្លួននៅពេលដែលជនរងគ្រោះទាំង ៣នាក់ព្យាយាមដេញកាប់មកលើខ្លួនមុន។
ជនជាប់ចោទ បានបន្តថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ជុប ឡាយ បានទៅទារលុយថ្លៃអំពូលភ្លើងពីខ្លួន ទើបឈានដល់ការទាស់សម្ដីគ្នា។ បន្ទាប់មកក៏បានធ្វើការសម្របសម្រួលគ្នា ទើបលោកមេភូមិ កូនប្រុស និងក្មួយប្រុសម្នាក់ទៀតក៏បានដើរចេញពីកន្លែងកើតហេតុ។ ប៉ុន្តែប្រហែលជា២០នាទី ក្រោយមកមិនដឹងយ៉ាងម៉េច ស្រាប់តែកូនមេភូមិរូបនេះ បានយកដាវចំនួនពីរដើមមកកាប់ខ្លួន ទើបខ្លួនបានរត់ទៅយកកាំភ្លើងខ្លី ១ ដើមម៉ាក ប៉េអាតា មកបាញ់លើជនរងគ្រោះ ដើម្បីការពារខ្លួនតែម្តងទៅ ប៉ុន្តែជាអកុសលជនរងគ្រោះទាំង៣នាក់បានស្លាប់ទាំងអស់ ។
ជនរងគ្រោះទី១.ឈ្មោះ ជុប ឡាយ ភេទប្រុស អាយុ៦២ឆ្នាំ ជាមេភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ទី២ ឈ្មោះ ឡាយ ឫទ្ធី អាយុ៣០ឆ្នាំ ជាកូនប្រុស និងទី៣ឈ្មោះ ប៊ុន លឿន អាយុ១៨ឆ្នាំ ជាក្មួយប្រុសជនរងគ្រោះទី១ ៕
ដកស្រង់ ៖ គេហទំព័របាយ័ន