ស្លាប់ទៀតហើយ !មន្ទីរសម្រាកព្យាបាល និងសម្ភពវឌ្ឍន: វះកាត់ស្រ្តី សម្រាលកូនម្នាក់បណ្តាលឲ្យស្លាប់ ចោលក្រុមគ្រួសារ
ភ្នំពេញ៖ ស្រ្តីម្នាក់បានដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម ចោលកូនតូចៗ៣នាក់ នាំឲ្យកំព្រាម្តាយ និងប្តីក្លាយជាបុរសពោះម៉ាយ ដោយសារតែការវះកាត់ មានការធ្វេសប្រហែស របស់ក្រុមគ្រូពេទ្យ នៅគ្លិនិក វឌ្ឍន: ឫ មន្ទីរសម្រាកព្យាបាល និងសម្ភពវឌ្ឍន: ដែលមានទីតាំង ផ្ទះលេខ១២៨ -១២៧Aស្ថិតនៅតាមផ្លូវទំនប់ទួលគោក៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
សាច់ញាតិស្រ្តីរងគ្រោះ ដែលកំពុងចូលរួមបុណ្យសព ស្ថិតនៅវត្តស្រះចក ខណ្ឌដូនពេញ បានប្រាប់ថា ស្រ្តីរងគ្រោះមានឈ្មោះ សៀក ស៊ី ណេត អាយុ៣២ឆ្នាំ ហើយនេះ ជាការសម្រាលកូនលើកទី៣ ហើយនៅមន្ទីរពេទ្យនោះ។
សាច់ញាតិ រូបនេះ បានឲ្យដឹងទាំងទឹកភ្នែកថា ក្រោយឈឺពោះឆ្លងទន្លេ បងប្អូន និងប្តី បានបញ្ជូនទៅកាន់គ្លិនិក ខាងលើ ពីព្រោះកាលកូនទី១ និងកូនទី២ ក៏បានទៅវះកាត់ជាមួយគ្រូពេទ្យ (Doctor បម្រើ ការនៅមន្ទីរពេទ្យជប៉ុន) ដែលបើកគ្លីនិកខ្លួនឯងនោះ ប៉ុន្តែក្រោយពេលវះយកកូនចេញរួច ក៏ដេរភ្ជាប់វិញ ជាធម្មតា ។ លុះក្រោយពីបានប៉ុន្មាន ម៉ោងក្រោយមក ដោយសារតែការលាង សំអាតមិនល្អ បានបណ្តាលស្រ្តីរងគ្រោះ ឈឺពោះសារជាថ្មី (សង្ស័យមានឈាមកកនៅក្នុងស្បូន) ក៏បានទៅឲ្យគ្រូពេទ្យ ធ្វើការវះម្តងទៀត ប៉ុន្តែលើកនេះ ដូចបានបញ្ជូនស្រ្តីរងគ្រោះ ទៅកាន់ភពផ្សេងតែម្តង។
តាមសេចក្តី រាយការណ៍ពីមន្រ្តីក្រសួងសុខាភិបាលម្នាក់ សូមមិនបញ្ចេញឈ្មោះ បានលួចទម្លាយថា ម្ចាស់គ្លិនិកខាងលើ គឺជាអនុប្រធានមន្ទីរពេទ្យគាំពារ ទារក និងមាតា ឬហៅថា មន្ទីរពេទ្យជប៉ុន ដែលមានឈ្មោះ កែវ មួយស្រូយ ភេទប្រុស។
យ៉ាងណាក៏ដោយ អ្នកសារព័ត៌មានយើង នៅមិនទាន់អាចស្វែងរកការបកស្រាយ និងបំភ្លឺពីម្ចាស់គ្លិនិក បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកលើកឆ្លើយតប។ ប៉ុន្តែនៅពេលក្រុមអ្នកកាសែត ចុះទៅសួរនាំដល់គ្លិនិកនោះ ស្រាប់តែបុគ្គលិក និងគ្រូពេទ្យនៅគ្លិនិកមួយនេះ បានឆ្លើយថា មិនមែនស្លាប់នៅពេទ្យគ្លីនិក គេទេគឺស្លាប់ នៅមន្ទីរពេទ្យលោកសង្ឃឯណ្ណោះវិញ ។ តែគេញ្ជាក់ថា ការស្លាប់របស់ស្ត្រីរូបនោះគឺស្លាប់ ក្រោយពីវះកាត់លើកទី២ នៅគ្លីនិកនោះតែម្តង ពេលឃើញ សភាពមិនស្រួលក៏ប្រញាប់ បញ្ជូនទៅ មន្ទីរពេទ្យលោកសង្ឃហៅពេទ្យ ព្រះកុសមៈតែម្តង។ រួចហើយក៏បញ្ជូនមកសម្តល់ធ្វើបុណ្យ តាមប្រណៃណី នៅវត្តស្រះចកខណ្ឌដូនពេញ ព្រោះស្រ្តីជនរងគ្រោះរូបនោះ ជាកូនស្រី របស់ សមាជិក ភូមិ១០រស់ នៅម្ដុំវត្តស្រះចកខណ្ឌដូនពេញ៕