ពលករខ្មែរ គ្មានច្បាប់ ចំនួន១៥០នាក់ ថៃចាប់បញ្ជូនមកកម្ពុជា វិញ តាមច្រកដូង
បាត់ដំបង ៖ ភាគីថៃចាប់ និងប្រមូល ពលករខ្មែរចំនួន១៥០នាក់ ដែលពួកគេ បានលប លួចឆ្លងដែនខុសច្បាប់ ចូលទៅធ្វើការនៅក្នុងប្រទេសថៃ បញ្ជូនអោយវិលត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង ក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ។
កន្លងមក គេតែងសង្កេតឃើញថា មានពលករខ្មែរមួយភាគធំ បាននាំគ្នាលួចឆ្លងដែនតាមច្រករបៀង មួយចំនួនដែលស្ថិត នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដើម្បីចូលទៅរកការងារធ្វើនៅទីនោះ ដោយខ្លះក៏ ត្រូវបានភាគីថៃឃាត់ខ្លួនបាន ឯខ្លះទៀតក៏បានជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ជាដើម ដោយសារតែអ្នកបើកបររថយន្តបានព្យាយាមបើកគេចពីក្រុមតម្រួតថៃ ។
ប្រភពព័ត៌មាន បានអោយដឹងថា ពលករខ្មែរ ទាំងអស់នេះ គឺត្រូវបានឃាត់ខ្លួន នៅក្នុងទឹកដីខេត្តស្រះកែវ ប្រទេសថៃ ដោយសារតែពួកគេបានលប លួចឆ្លងដែន ចូលទៅធ្វើការក្នុងប្រទេសថៃខុសច្បាប់ ដូច្នេះហើយ ដោយសារតែមានការយោគយល់ គ្នាតាមអនុស្សរណៈ MOU ទើបភាគីថៃបានរៀបចំចាត់បញ្ជូនពលករទាំង ១៥០នាក់ មកតាមច្រកអន្តរជាតិដូង ដើម្បីអោយពួកគេវិលទៅកាន់ស្រុកកំណើតវិញ ហើយត្រូវទៅបំពេញបែបបទអោយបានត្រឹមត្រូវមុននឹងឆ្លងដែនទៅធ្វើការនៅក្នុងប្រទេសថៃ៕