ស្រវឹងស្រា បើទ្វារថយន្តក្អួត ធ្លាក់ធ្លាក់មកដី រថយន្តរអិលថយក្រោយកិនស្លាប់
កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានគេស្គាល់ជា ថៅកែលក់គោយន្តម្នាក់ ស្រវឹងស្រាជោកជាំ ហើយឈប់រថយន្តបើកទ្វារដើម្បីក្អួត ប៉ុន្តែធ្លាក់មកដី ក៏ត្រូវរថយន្តរបស់ខ្លួន រអិលថយក្រោយកិនស្លាប់ យ៉ាងអាណោចអាធ័ម ។
ករណីនេះ បានកើតមានឡើងកាលពីវេលាម៉ោង២០និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៦-៧៧ ស្ថិតក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះឈៀង ឆា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់គោយន្ត មានទីលំនៅ ភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង បើករថយន្តTOYOTA VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V-4663។
ប្រភព បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តវីហ្គោរបស់ខ្លួន ក្នុងទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រា ជោកខ្លួន។ លុះដល់កន្លែងកើតហេតុ ក៏បានឈប់រថយន្ត រួចបើកទ្វារឡានដើម្បីឱបក្អួត។ ពេលនោះ ក៏ធ្លាក់ទៅដី ហើយរថយន្តបានរអិលថយក្រោយ រួចកិនស្លាប់នៅនឹងកន្លែង ឯឡានធ្លាក់ចូលប្រឡាយ។
បន្ទាប់ពី កើតហេតុ សមត្ថកិច្ចនគរបាល ចរាចរណ៍បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋាន ជនរងគ្រោះស្រវឹងស្រាខ្លាំង ពេលបើកបរ ក៏ឈប់រថយន្តបើកទ្វារដើម្បីក្អួត។ ភ្លាមនោះ ក៏ធ្លាក់មកដី ហើយត្រូវរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័មបំផុត។ បច្ចុប្បន្នសពជនរងគ្រោះ និងរថយន្ត ក្រោយពិនិត្យរួច បានប្រគល់ឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕