បញ្ជូនជនសង្ស័យ២០នាក់ទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
កណ្ដាល ៖ ជនសង្ស័យប្រុស/ស្រី២០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្ដាលសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៦ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តកណ្ដាល ចាត់ការតាម នីតិវិធីច្បាប់។
របាយការណ៍របស់អាវុធហត្ថ បានឲ្យដឹងថា រយៈពេល២ថ្ងៃ ពីថ្ងៃទី២២-២៣ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តកណ្ដាល និងកម្លាំងអាវុធហត្ថរាជធានីសហការគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាសង្ស័យបាន២០នាក់ ដោយនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនមុខសញ្ញាសង្ស័យបាន៣នាក់ និងនៅសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ(ក្រោយស្ថានទូត បារាំង)ឃាត់ខ្លួនជនសង្ស័យបាន១៧នាក់ថែមទៀត។
ក្នុង ប្រតិបត្តិការបង្ក្រាបទាំងពីរទីតាំងនេះ សមត្ថកិច្ចចាប់យកបានវត្ថុតាងមានថ្នាំញៀន(ម៉ាទឹកកក)ចំនួន៤ កញ្ចប់(ធំ១ តូច៣) សរុបទម្ងន់ស្មើនឹង៥៣;២ក្រាម កញ្ឆាក្រៀម២កញ្ចប់ទម្ងន់១០;២ក្រាម និងសម្ភារៈវេចខ្ចប់ ជក់គ្រឿងញៀនមួយចំនួនទៀត។
ប្រភព បានបន្ដថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្តាលកំពុងធ្វើការល្បាតចល័តក្នុងភូមិ សាស្ត្រ នៅចំណុចដងផ្លូវ ជាតិលេខ៨អា ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ក៏ប្រទះនឹងជនសង្ស័យ ៣នាក់ កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាគួរឲ្យសង្ស័យ ក៏បានហៅឲ្យឈប់ត្រួតពិនិត្យ។ ពេលនោះរកឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់តូច ហើយក៏ឃាត់ខ្លួនទាំង៣នាក់ នាំទៅអង្គភាពធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២០នាក់ រួមនិងវត្ថុតាង ត្រូវបានកំលាំងជំនាញកសាង សំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕