ស្ត្រីជនជាតិចិនម្នាក់ ត្រូវថ្នាំសណ្តំ ត្រូវគេដឹក យកមកទំលាក់ចោលតាមផ្លូវ
កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋប្រទះឃើញ ស្ត្រីជនជាតិចិនម្នាក់ បានវង្វេងវង្វាន់ បាត់ស្មារតី រាយការណ៍ជូនសមត្ថកិច្ច ដឹកយកទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ដើម្បីជួយសង្គ្រោះ កាលពី វេលាម៉ោង ១៧ និង ៣៥នាទីល្ងាចថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតលើផ្លូវជាតិលេខ ៤ ត្រង់ចំណុចមុខភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រជាពលរដ្ឋ ដែលចោមរោមមើលស្ត្រីជនជាតិចិន បាននិយាយថា កាលពីរសៀល ថ្ងៃទី ២២ ខែមិថុនា មានរថយន្តសាំយ៉ុង មួយគ្រឿង ពណ៌ស សំបកឪឡឹកបានធ្វើដំណើរមកពីកើតទៅលិច លុះមកដល់ចំណុចមុខភូមិរំលោង បានដាក់ស្ត្រីខាងលើរួចបន្តដំណើរទៅទិសខាងលិចបាត់ស្រមោល ។ ប្រភព បន្តថា បន្ទាប់ស្ត្រីជនជាតិចិនរូបនោះ បានដើរឆ្លងផ្លូវជាតិលេខ ៤ចុះឡើងៗក្នុងសភាពវង្វេងបាត់បង់ស្មារតីសួរនាំអ្វី ក៏ឆ្លើយទាំងអស់ គ្រាន់តែនិយាយជួយជូនគាត់ទៅផ្ទះនៅភ្នំពេញ ក្រៅពីនោះ មិននិយាយអ្វីទៀតឡើយ ទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។ ក្រោយពីទទួលបានព័ត៌មាននគរបាល ស្រុកសំរោងទង បានធ្វើអន្តរាគមន៍ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសង្គ្រោះ លុះរហូតដល់ព្រឹកថ្ងៃទី ២៣ ខែមិថុនានេះ មិនទាន់ រកសាច់ញាតិឃើញនៅឡើយទេ ។
នគរបាល អន្តោប្រវេសន៍ បានឱ្យដឹងថា ស្ត្រីជនជាតិជាតិក្រោយពីសមត្ថកិច្ចដឹកយកទៅធ្វើការជួយសង្គ្រោះក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ អាការៈមានការធូរស្បើយគាត់មានឈ្មោះ Zhu Qunhao អាយុ ៣៧ឆ្នាំ រកសាច់ញាតិមិនទាន់ឃើញទេ ។នគរបាល បន្តថា តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យស្ត្រីរងគ្រោះត្រូវថ្នាំសណ្តំលាយ ជាមួយគ្រឿងស្រវឹង ចំពោះការបាត់បង់អ្វីខ្លះមិនទាន់ដឹងទេ ដោយសារមិនទាន់មានស្មារតីល្អនោះទេ ។
បច្ចុប្បន្នស្ត្រីជនជាតិចិន រូបនោះកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចការពារសុវត្ថិភាព និងយកចិត្តទុកដាក់ក្នុងការព្យាបាលផងដែរ ៕