ក្រុមហ៊ុនចំនួន ២ផ្សេងទៀត មានគម្រោងបោះផ្សាយមូលបត្រ នៅចុងឆ្នាំនេះ
ភ្នំពេញ ៖ ក្រុមហ៊ុនចំនួនពីរទៀតបានដាក់សំណើរ ទៅគណៈកម្មាធិការមូលបត្រកម្ពុជា រួចហើយ ដើម្បីចូលរួមបោះផ្សាយមូលបត្រលក់នាចុងឆ្នាំនេះ។ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មាធិការមូលបត្រកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទថា បច្ចុប្បន្ននេះ គណៈកម្មាធិការផ្សារមូលបត្រកម្ពុជា កំពុងរៀបរយឯកសារបន្ថែម ដោយលោករំពឹងថានឹងមានក្រុមហ៊ុនចំនួនពីរទៀត នឹងបោះផ្សាយលក់មូលបត្រនៅចុងឆ្នាំនេះ។
លោក បន្តថា ក្រុមហ៊ុនដែលអាចបោះផ្សាយលក់មូលបត្រចុងឆ្នាំនេះ មានក្រុមហ៊ុនចំណុះរដ្ឋចំនួន១ និងក្រុមហ៊ុនឯកជនចំនួន១។ ទោះជាយ៉ាងលោក សុ ជាតិ មិនបញ្ជាក់ឲ្យដឹងពីឈ្មោះក្រុមហ៊ុនទាំងនោះទេ តែក្រុមហ៊ុនទាំងពីរ បានដាក់សំណើរ មកគណៈកម្មាធិការផ្សារមូលបត្ររួចហើយ។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានថ្លែងថា លោកមិនទាន់បានទទួលសំណើររបស់ក្រុមហ៊ុនទាំងពីរនោះទេ ប្រហែលជាពួកគេកំពុងធ្វើការជាមួយគណៈកម្មាធិការមូលបត្រកម្ពុជា ប៉ុន្តែលោកស្វាគមន៍ចំពោះវត្តមានក្រុមហ៊ុនថ្មីៗដែលមានបំណងចង់ចូលមកកាន់ទីផ្សារនេះ ព្រោះពេលទីផ្សារនេះ មានក្រុមហ៊ុនកាន់តែច្រើន ធ្វើឲ្យមានចំណាប់អារម្មណ៍កាន់តែច្រើនពីអ្នកវិនិយោគ។
លោក បន្តថា ផ្សារហ៊ុនប្រៀបបីដូចជាផ្សារធម្មតាអញ្ចឹង ពេលណាផ្សារមានផលិតផលច្រើន វានឹងទាក់ទាញអតិថិជនកាន់តែច្រើន ប៉ុន្តែប្រសិនជាមិនមានផលិតផលច្រើននៅទីផ្សារណាមួយនោះ វានឹងមិនទាក់ទាញអតិថិជននោះទេ។
លោកបន្តថា “បច្ចុប្បន្នយើងកំពុងព្យាយាមបង្ហាញពីសក្តានុពល និងលទ្ធភាពនានាដើម្បីជំរុញឲ្យក្រុមហ៊ុននានា អាចចូលរួមបោះផ្សាយលក់មូលបត្ររបស់ខ្លួន ដែលជាការលើកកំពស់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនរបស់ពួកគាត់”។លោកបន្តថា “យើងក៏កំពុងធ្វើការងារក្រៅផ្លូវការជាមួយវិស័យ SME ដើម្បីពន្យល់ពួកគេពីផលប្រយោជន៍ ពីបញ្ហាប្រឈមនិងសក្តានុពលក្នុងការចូលផ្សារហ៊ុនផងដែរ ដើម្បីជំរុញធ្វើយ៉ាងណាឲ្យពួកគេអាចចូលផ្សារហ៊ុនបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
លោក ហុង សុហួរ បានបន្តថា ទោះជាយ៉ាងណាយើងមិនរំពឹងថា ក្រុមហ៊ុននានានៅកម្ពុជា ដែលស្ថិតក្នុងវិស័យSMEអាចចូលបោះផ្សាយមូលបត្របានឆាប់ៗនោះឡើយ ព្រោះវានៅមានបញ្ហាប្រឈមជាច្រើនទៀត ប៉ុន្តែយ៉ាងណាក៏ដោយក្រុមហ៊ុនក្នុងស្រុកមួយចំនួន ពិតជាមានសក្តានុពលអាចចូលផ្សារហ៊ុនបាននាពេលខាងមុខនេះ៕
ដកស្រង់ ៖ គេហទំព័របាយ័ន