ប្រទះឃើញ បុរសម្នាក់ដេកស្លាប់ នៅលើខ្នងភ្នំសំពៅ សង្ស័យប្រើAK បាញ់សម្លាប់ខ្លួនឯង
បាត់ដំបង ៖ ប្រជាពលរដ្ឋ ប្រទះឃើញសាកសពជនរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាម នៅលើខ្នងភ្នំសំពៅ នឹងបានបន្សល់ទុកនូវលិខិតបណ្ដាំផ្ញើមួយសន្លឹកទុកឲ្យ ក្រុមគ្រួសារ សង្ស័យប្រើ កាំភ្លើង AK ធ្វើអត្តឃាតដោយបាញ់ប្រហារខ្លួនឯង ។
ហេតុការណ៍ ភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ គឺស្ថិតនៅចំណុចលើខ្នងភ្នំសំពៅ ខាងកើតវត្តគីរីរម្យ ក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
យោងតាមឯកសារដែលមាននៅក្នុងរថយន្ត បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឆាន់ ចាំង ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខនាទី ជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា រស់នៅក្នុង ភូមិអូរអ៊ាម ឃុំស្រែខ្ញុង ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានធ្វើអត្តឃាត ដោយយកកាំភ្លើងមួយដើមធុនAKស្វាយបត់ មកបាញ់សម្លាប់ខ្លួនឯងចំនួន៤គ្រាប់ ចំដើមទ្រូងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ហើយជនរងគ្រោះបានចេញបាត់ពីផ្ទះតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦មកម្ល៉េះ។
ប្រភពប្រជាពលរដ្ឋ បាននិយាយថា ការផ្ទុះអាវុធនេះ គឺពួកគាត់បានឮតាំងពីល្ងាចថ្ងៃទី២២ មកម្ល៉េះ ប៉ុន្តែគ្មានអ្នកគេចាប់អារម្មណ៍ ចំណែករថយន្តដែលចតចោលមួយយប់ក៏ដូចគ្នាដែរ ព្រោះនៅក្នុងតំបន់នេះ គឺមានរថយន្តជាច្រើន ដែលភ្ញៀវទេសចរឡើងទៅកម្សាន្ត ហើយចតចោលបែបនេះ លុះដល់ថ្ងៃទី២៣ ទើបមានការភ្ញាក់ផ្អើលដោយសារតែគេបានប្រទះឃើញសព។
នៅ ក្នុងលិខិតបណ្ដាំផ្ញើបានសរសេរយ៉ាងខ្លីថា « ឲ្យខ្ញុំសុំទោសបងៗ ប្អូនៗ ខ្ញុំលាហើយដោយសារតែក្នុងខ្លួនរបស់ខ្ញុំមានរោគប្រចាំកាយច្រើនពេក ទើបខ្ញុំសម្រេចចិត្តបែបនេះ ហើយសូមយកសពខ្ញុំបូជានៅក្នុងវត្តក្បែៗនេះចុះ » ៕