សមត្ថកិច្ច ចម្រុះ ដុតបំផ្លាញ ទំនិញខូចគុណភាព ដែលដកហូតពីពលរដ្ឋ នាំចូលពីថៃ
បាត់ដំបង ៖ កម្លាំងសមត្ថកិច្ច ចម្រុះ ធ្វើពិធីដុតបំផ្លាញចោល នំកញ្ចប់ និងជង្គង់មាន់ ស្លាបមាន់ ដែលខូចគុណភាព ធ្វើការដកហូតពីប្រជាពលរដ្ឋ ដែលបាននាំចូលមកពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកអូររំដួល ។
របាយការណ៍របស់សាខាកាំកុងត្រូលប្រចាំច្រកអូររំដួល ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ជាក់ថា នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កំលាំង ចម្រុះ រួមមាន ៖ កំលាំងកាំកុងត្រូល សហការជាមួយមន្ត្រីគយ និងកំលាំង ប៉ុស្តិ៍ការពារព្រំដែន បានសហការគ្នា ធ្វើការដុតកំទេចចោលនូវប្រភេទទំនិញដែលខូចគុណភាព ហើយត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាក្រុមឈ្មួញបាននាំចូលមកតាមច្រកអូររំដួល ។
របាយការណ៍ បានបន្តថា ការដុតបំផ្លាញចោលនូវទំនិញដែលហូរចូលមកពីប្រទេសថៃ ហើយមានការខូចគុណភាព ដែលអាចបំផ្លាញសុខភាព ប្រជាពលរដ្ឋបានយ៉ាងងាយ នោះ រួមមាន ស្លាបមាន់ និងជង្គង់មាន់ ទម្ងន់៥៥គីឡូក្រាម នំចំរុះទម្ងន់១៥២ គីឡូក្រាម ព្រមទាំងមី និងទឹកក្រូចមួយចំនួនថែមទៀត ។
ក្នុងនោះផងដែរ កំលាំងជំនាញ បានលើកឡើងថា នេះគឺមិនមែនជាការដុតកំទេច បែបទ្រង់ទ្រាយធំនោះទេ ព្រោះទំនិញដែលខូចគុណភាពទាំងអស់នេះ បានដកហូតពី ប្រជាពលរដ្ឋបន្តិចម្តងៗដែលពួកគាត់ទិញយកទៅបរិភោគ ដើម្បីរក្សាទុក និងធ្វើការដុតបំផ្លាញចោល ។
ក្រោយពីបានធ្វើការដុតកំទេចចោលរួចមក កំលាំងបានកាយដីកប់ទំនិញទាំងនោះ ចោលតែម្តង ដើម្បីជៀសវាងនូវសត្វស្រុក ដែលវាអាចមកខាំស៊ី បាន ព្រោះវាអាចប៉ះពាល់ ដល់សុខភាពមនុស្សបានយ៉ាងងាយជាទីបំផុត ៕