ភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ ចំនួន២១៤ខ្នង នៅស្រុកថ្មគោល
បាត់ដំបង ៖ ភ្លៀងមួយមេ យ៉ាងធំ លាយឡំនឹងខ្យល់កន្ត្រាក់ បានបក់បោក លំនៅ ដ្ឋាន រាប់រយខ្នង រងការខូចខាត យ៉ាងដំណំ ប៉ះពាល់ទៅលើឃុំចំនួន២ ក្នុងស្រុកថ្មគោល ផ្ទះប្រមាណជាង៦០ ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ។
របាយការណ៍ របស់សមត្ថកិច្ច បានអោយដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៨ និង៤០នាទីយប់ មានភ្លៀងមួយមេយ៉ាងធំ បានធ្លាក់មកលើ ភូមិសាស្ត្រស្រុកថ្មគោល ដែលក្នុងនោះក៏មាន ខ្យល់កន្ត្រាក់ បានបោកបក់មកជាមួយដែរ ព្រមទាំងបានបក់ចូលទៅលើឃុំចំនួនពីរ គឺឃុំតាម៉ឺន និងឃុំតាពូង ដោយបានបំផ្លាញទៅលើលំនៅដ្ឋានរបស់ប្រជា ពលរដ្ឋអស់ ចំនួន២១៤ខ្នង ។
របាយការណ៍បាន បន្តថា នៅក្នុងចំនួនសរុបនេះគឺមានភូមិចំនួន៨ ដែលទទួលរងនូវខ្យល់កន្ត្រាក់នេះ ដែលក្នុងនោះមានភូមិសំរោង ភូមិក្រសាំង ភូមិអង់ ភូមិថ្មី ភូមិគោកត្រប់ ភូមិ ជ្រោយម្ទេស និងភូមិគោកក្តួច ដោយក្នុងចំណោមផ្ទះទាំង២១៤ខ្នងនេះ គឺមាន ផ្ទះចំនួន៦២ ខ្នង ត្រូវដួលរលំ ទាំងស្រុង និង១៥២ខ្នងទៀតរបើកដំបូល និងជញ្ជាំង ។
នៅក្នុងហេតុការណ៍នេះដែរ គឺពុំមានប៉ះពាល់ ដល់អាយុជីវិត មនុស្ស ឬសត្វឡើយ ហើយ បច្ចុប្បន្ន ក៏មានខាង សាខាកាកបាទក្រហម បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីត្រៀម នាំអំណយ យកទៅចែកជូនដល់ពួកគាត់ រីឯសមត្ថកិច្ច ក៏បានចុះជួយកែច្នៃ និងកសាងឡើងវិញ នូវលំនៅដ្ឋាន មួយចំនួនផងដែរ ៕