រថយន្តធុនធំ បុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ នៅស្រុកទ្រាំង
តាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំ ប្រលះ ម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កាលពីវេលាម៉ោង១៥ និង ១០នាទី នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិជីខ្លា ឃុំជីខ្លា ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ច ចរាចរណ៍ផ្លូវគោកស្រុកទ្រាំង បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បងជីវិតក្នុងហេតុការណ៍ នេះមានឈ្មោះ ទឹម ហាន់ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឆឹស ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះ បានបើកបរម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីម សេរី២០១៦ ក្នុងទិសដៅពីលិចទៅកើត ។ ចំណែករថយន្តបង្កបានបើកពីជើងបត់ទៅលិច លុះទៅដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហ៊ឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីឯអ្នកបើករថយន្តក្រោយពីដឹងថា បើបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់ហើយក៏បានរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវ ជាងមួយម៉ោងក្រោយមកទើបសមត្ថកិច្ចស្រុកទ្រាំងចាប់ខ្លួនជនបង្កបាន។
បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ចជំនាញស្រុកទ្រាំងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគាល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕