ឃាត់ខ្លួនស្ត្រីម្នាក់ ជាមុខសញ្ញាជួញដូរ ដកហូតថ្នាំញៀន ៣៤គ្រាប់
បាត់ដំបង ៖ កំលាំងសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួន ស្ដ្រីម្នាក់ ជាមុខសញ្ញាជួញដូរ គ្រឿងញៀន ដកហូត ថ្នាំញៀនប្រភេទយ៉ាម៉ាជិត ៤០គ្រាប់ ពេល កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ជាក់ស្តែងនៅក្នុងមូលដ្ឋាន ។
ហេតុការណ៍នេះ ធ្វើឡើង កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ស្តីពីករណីចែកចាយគ្រឿងញៀនរួចមក ។
នគរបាល ផ្នែកព្រហ្មទណ្ឌ បានអោយដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បាន ឃាត់ខ្លួនស្រ្តីម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួន បញ្ជូនទៅកាន់ អធិការដ្ឋានដើម្បី សាកសួរ ។ ស្ត្រីដែលត្រូវឃាត់ខ្លួន ឈ្មោះ សួន វី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅ ភូមិ ឃុំ ខាងលើ ហើយកម្លាំងយើង បាន ដកហូតនូវ វត្ថុតាង គឺថ្នាំញៀនប្រភេទ យ៉ាម៉ាចំនួន៣៤ គ្រាប់ ឧបករណ៍ សម្រាប់ប្រើប្រាស់ និង សម្រាប់វេចខ្ចប់មួយចំនួន ។
ក្រោយពីទទួលបាននូវចំលើយសារភាពរួចមក សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕