អ្នកវិនិយោគស្រូវ-អង្ករ ស្នើឲ្យរដ្ឋាភិបាលបង្កើតស្ថាប័នជំនាញមួយ ទទួលបន្ទុកដោះស្រាយ វិស័យស្រូវអង្ករ
ភ្នំពេញ ៖ ស្របពេលដែលការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល ៥ខែដើមឆ្នាំនេះ បន្តថយចុះដែលធ្វើឲ្យអ្នកនាំចេញអង្ករសម្តែងការបារម្ភផងដែរ ហើយបានស្នើ សុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍និងបង្កើតស្ថាប័នជំនាញមួយទទួលបន្ទុក ដោះស្រាយវិស័យស្រូវអង្ករនេះ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយខូអិលធីឌី បានថ្លែងបញ្ជាក់ប្រាប់ថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ វិស័យស្រូវអង្ករកម្ពុជា មានសញ្ញាមិនល្អច្រើនហើយការអន្តរាគមន៍របស់រដ្ឋាភិបាល ក្រៅប្រទេស ដែលគេជួយវិស័យស្រូវអង្ករគេបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ជាពិសេសនោះប្រទេសថៃ និងប្រទេសវៀតណាម ធ្វើឲ្យស្រូវ អង្ករចុះថោកខ្លាំងមែនទែន។
លោក បានបន្តថា ប្រទេសកម្ពុជា យើងរងផលប៉ះពាល់ពីគេនៅពេលដែលប្រទេសថៃធ្វើស្រូវខ្ពស់ដែរ ហើយទម្លាក់តម្លៃចុះវិញ។ ដូច្នោះរយៈពេល ៣ឬ៤ខែខាងមុខទៀតក៏នៅតែមានភាពអាប់អួ បែបនេះ សម្រាប់វិស័យស្រូវអង្ករកម្ពុជា រហូត ដល់ខែ៩ និងខែ១០ឆ្នាំ២០១៦នេះ ដោយសារតែយើងមានស្រូវថ្មីដល់នឹងមានឱកាសស្រោចស្រង់ស្ថានការនេះកុំឲ្យធ្លាក់ចុះ។
លោក មានប្រសាសន៍បញ្ជាក់ថា «ដើម្បីស្រោចស្រង់បញ្ហានេះ សូមឲ្យរដ្ឋាភិបាលបង្កើតស្ថាប័នមួយដែលទទួលខុសត្រូវដោយផ្ទាល់លើវិស័យស្រូវអង្ករនេះ កាត់បន្ថយធ្វើគោលនយោបាយ និងគាំទ្រឲ្យចំចំណុចដែលខ្វះខាតជួយបន្ទាន់ ដើម្បីគាំទ្រនៅពេលស្រូវអង្ករជួបបញ្ហាដូច្នោះ»។
ចំពោះ លោក ហ៊ាន វណ្ណហន ប្រធានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំអង្ករចេញបាន លើកឡើងថា ការថយចុះនៃការនាំចេញនេះមានតែវិស័យឯកជនទេ ដែលជាអ្នកដឹងច្បាស់ តើមានបញ្ហាអ្វីខ្លះដែលពូកគាត់កំពុងតែប្រឈម ប៉ុន្តែយើងសម្លឹងមើលទៅលើទិដ្ឋភាពនៃការថយចុះនោះគឺបញ្ហាចម្បងរោងម៉ាស៊ីនអត់មានអង្ករកិន។
លោក បានបន្តទៀតថា ស្រូវរដូវវស្សាឆ្នាំមុនដែលស្តុករោងម៉ាស៊ីនស្ទើរតែអស់ដូច្នោះឥឡូវជិតដល់ពេលដើមវស្សាឆ្នាំថ្មីទៀត ហើយរោងម៉ាស៊ីនកិនស្រូវមិនមានទុនគ្រប់ ដែលវិស័យឯកជនបានស្នើមករាជរដ្ឋាភិបាលឲ្យមានប្រាក់កម្ចីសម្រាប់ជួយពួកគាត់។
លោក បានបន្ថែមថា«យន្តការដែលល្អយើងគួរតែមកអង្គុយជុំគ្នារកគន្លឹះដោះស្រាយជាមួយអ្នកពាក់ព័ន្ធ ហើយកន្លងមករាជ រដ្ឋាភិបាលបានកាត់ចោលអត្រាពន្ធមួយចំនួនដល់ការដឹកជញ្ជូន ហើយបញ្ហាធ្លាក់ចុះនេះជាសញ្ញាមិនល្អកើតមានតាំងពីខែ៣មកម្ល៉ោះ ដែលយើងគួរតែយកយន្តការដែលមានស្រាប់មកដោះស្រាយគឺក្រុមការងារស្រូវអង្ករអង្គុយ និងអ្នកពាក់ព័ន្ធមកអង្គុយលើតុចរាចរ គ្នារកដំណោះស្រាយតែម្តងទើបល្អ»។
សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០១៦នេះ ការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេសបានចំនួន ២៣៤ពាន់ ៣២៨តោន ធៀបនិងរយៈដូចគ្នាកាលពីឆ្នាំមុនមានចំនួន ២៤៣ពាន់ ០២៥តោន ថយចុះ៣,៧% ។
ទាក់ទង និងបញ្ហានេះ មន្ត្រីក្រសួងកសិកម្ម និងអ្នកនាំចេញអង្ករបានជម្រុញឲ្យភាគីពាក់ព័ន្ធនិងវិស័យស្រូវអង្ករត្រូវជួបពិភាក្សាគ្នាជាបន្ទាន់ ដោយរកយន្តការដោះស្រាយ ឲ្យទាន់ ពេល វេលាមុនរដូវប្រមូលផលឆ្នាំថ្មីចូលមកដល់ ហើយអ្វីដែលពិសេសនោះរដ្ឋាភិបាលគួរតែបង្កើតស្ថាប័នជំនាញ មួយទទួលខុសត្រូវវិស័យស្រូវអង្ករឲ្យបានច្បាស់ លាស់ផងដែរ៕
ដកស្រង់ ៖ គេហទំព័របាយ័ន