រលំផ្ទះ និងរន្ទះបាញ់ស្លាប់ម្នាក់ ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិ នៅខេត្តសៀមរាប
សៀមរាប ៖ របាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីម្សិលម៉ិញ នៅខេត្តសៀមរាប បានជួបគ្រោះធម្មជាតិ វាយប្រហារចំ បណ្តាល ឲ្យរលំ និងប៉ើង ផ្ទះប្រជាពលរដ្ឋ អស់មួយចំនួន ក្នុងនោះបុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ផងដែរ ។
ហេតុការណ៍គ្រោះធម្មជាតិនេះ គឺកើតឡើងនៅវេលាម៉ោងប្រមាណ ១៦ ល្ងាច ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៦ ក្នុងខេត្តសៀមរាប។
របាយការណ៍ បានបន្ដថា នៅសង្កាត់នគរធំ ក្រុងសៀម រាប របើកដំបូលផ្ទះចំនួន០១ ខ្នង ដើម ឈើនឹងមែកឈើបាក់ មួយចំនួន។ នៅស្រុកពួក ឃុំរើល រលំផ្ទះចំនួន៤ខ្នង និងរបើក ដំបូលផ្ទះចំនួន ៦ខ្នង។ឃុំល្វា ស្រុកពួក រលំផ្ទះចំនួន១ខ្នង និងប៉ើងដំបូលផ្ទះចំនួន៤ ខ្នង(ខូចខាតសំភារៈ ជាច្រើន)។ស្រុក អង្គរធំ ឃុំលាងដៃ រលំផ្ទះចំនួន១ខ្នង របើកដំបូលចំនួន២ខ្នង ។ឃុំជប់តាត្រាវ ស្រុកអង្គរធំ រលំផ្ទះចំនួន០១ខ្នង របើក ដំបូលផ្ទះចំនួន០៣ខ្នង រន្ទះបាញ់ស្លាប់មនុស្សចំនួន០១នាក់ឈ្មោះ រឹក គាន ភេទ ប្រុស អាយុ៣៣ឆ្នាំ នៅភូមិពងទឹក ។
គួរបញ្ជាក់ថា បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម បានបង្ហាញអាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២០-២៧ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹង ទទួលរងឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ដែលអាចនឹងបង្កឲ្យមានជាជំនន់ទឹកភ្លៀងនៅរាជធានី ភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ក្នុងនោះ មានខេត្តសៀមរាប ផងដែរ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ទាំងអស់គ្នាបន្ថែមទៀត៕