ខ្យល់កន្ដ្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋជិត២០០ខ្នង នៅស្រុក២ នៃខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ លំនៅឋាន ប្រជាពលរដ្ឋ ចំនួន១៩៣ខ្នង នៅស្រុក២ នៃខេត្តកំពង់ឆ្នាំង រងការបំផ្លាញដោយ ភ្លៀង និង ខ្យល់ព្យុះកន្ត្រាក់ កាលពីម្សិលមិញនេះ ក្នុងនោះ រលំដួល៣៤ខ្នង និងបើកដំបូល ជញ្ជាំង១៥៩ ខ្នង ខូចខាតជាមធ្យម។
លោក ប្រាក់ សោភណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីនៅម៉ោង៣ និង៣០នាទី ល្ងាចថ្ងៃទី១៩ ខែមិថុនា ម្សិលម៉ិញនេះ មានហេតុការណ៍គ្រោះធម្មជាតិ ខ្យល់ កន្ត្រាក់ បានបក់បោកលំនៅឋាន ប្រជាពលរដ្ឋ ២ស្រុក គឺ ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ នៃ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ ចំនួន១៩៣ខ្នង រងការខូចខាត។ លោក បានបន្ដទៀតថា នៅហេតុការណ៍នេះ មានប្រជាពលរដ្ឋ ម្តាយនឹងកូន២នាក់ បាន រងរបួសស្រាលផងដែរ។
នៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះ គេឃើញមានសមត្ថកិច្ចក្នុងខេត្ត គ្រប់ស្ថាប័ន បានចុះជួយលើកផ្ទះ និងជួយរុះរើទុកដាក់ផ្ទះ ដែលរងគ្រោះខូចខាត ព្រមទាំងមានការចូលរួមពី កម្លាំងប្រជាការពារ និងអ្នកស្ម័គ្រចិត្ត របស់អនុសាខា កាកបាទក្រហមទាំង២សាខា ក្នុងស្រុកទាំង២ ផងដែរ។
ជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្ត និងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត កំពុងធ្វើស្ថិតិជនរងគ្រោះទាំងអស់ ដើម្បីរាយការណ៍ជូនកាកបាទក្រហមកម្ពុជា យកអំណោយមកសង្គ្រោះចុះទៅជួយឧបត្ថម្ភពួកគាត់ ក្នុងពេលឆាប់ៗខាងមុខនេះ៕