មនុស្ស៣នាក់ របួសធ្ងន់ធ្ងរ ក្នុងករណីម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង
កំពង់ឆ្នាំង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូពេញទំហឹងក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ ក្នុងនោះម្នាក់ជាមន្ដ្រីនគរបាលគ្រឿងញៀនខេត្ត ។ ហេតុការន៍នេះបានកើតឡើងនៅម៉ោង៧និង៥០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥៣ ក្នុងភូមិចំការតាម៉ៅ ឃុំស្រៃថ្មី ស្រុករលាប្អៀរ។
នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ នគរបាលស្រុករលាប្អៀរ បានអោយដឹងថា អត្តសញ្ញាណជនរងគ្រោះទាំង៣នាក់ សមត្ថកិច្ចមូលដ្ឋានមិនដឹងឡើយ ព្រោះក្រោយពេលកើតហេតុភ្លាម ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត និងដោយរបួសធ្ងន់ធ្ងរគេទាំង៣នាក់ ត្រូវបានគ្រូពេទ្យខេត្ត បញ្ជូនបន្តទៅមន្ទីរពេទ្យក្រុងភ្នំពេញបន្តទៀត។ចំណែកនៅកន្លែងកើតហេតុអ្នកស្រុកបានលើម៉ូតូចេញពីកន្លែងកើតហេតុអស់ទៅហើយមិនដឹងថា ម៉ូតូ២គ្រឿងនេះ បុកគ្នារបៀបម៉េចនោះទេ ដែលពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកសាក្សីដែលបានឃើញហេតុការគ្រោះថ្នាក់ខាងលើនេះ ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់។
ដោយឡែកប្រភពពីប្រជាពលរដ្ឋក្នុងពេលកើតហេតុបានអោយដឹងថា ពួកគេទាំង ៣នាក់បានជិះម៉ូតូ២គ្រឿងក្នុងទិសស្របគ្នាយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើតហើយទំនងជាបុកគ្នាពីក្រោយដោយចាំងភ្លើងរថយន្តមកពីមុខ ទើបបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងអស់គ្នាតែម្តង។
នៅក្នុងចំណោមជនរងគ្រោះ៣នាក់នេះ ម្នាក់គឺគេស្គាល់ថា ជាឈ្មោះ ហែម សុខុម ជាមន្ត្រីនគរបាលប្រឆាំងគ្រឿង ញៀនខេត្ត បានរងរបួសបែកក្បាលធ្ងន់ធ្ងរ ឥឡូវក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមហើយ និងក៏មានសង្ឃឹមមិនច្រើនដែរ ព្រោះក្បាលយ៉ាងរបួសធ្ងន់ធ្ងរ៕