កម្ពុជា នៅតែរក្សាជំហរ អព្យាក្រិត និងយុត្តិធម៌ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង
ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ ថា កម្ពុជានៅតែរក្សាជំហរ អព្យាក្រិត និងយុត្តិធម៌ ចំពោះ បញ្ហាសមុទ្រ ចិនភាគខាងត្បូង ។ តំបន់ណា ដែលប៉ះពាល់ទ្វេភាគី គឺទុកអោយទ្វេភាគីដោះស្រាយ រីឯតំបន់ណាដែលមានបញ្ហាពហុភាគីគឺទុកអោយពហុភាគីជាអ្នកដោះស្រាយ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជា មិនមែនជាចៅក្រមកាត់សេចក្តីទេ ប៉ុន្តែកម្ពុជា ដើរតួនាទីក្នុងការសម្របសម្រួលប្រទេសក្នុងតំបន់អោយបានរស់នៅក្នុងសុខដុមនីយកម្មជាមួយគ្នា។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ នៅព្រឹកថ្ងៃទី២០មិថុនា ឆ្នាំ ២០១៦នេះក្នុងឱកាសចូលរួមបិទវគ្គប្រគល់សញ្ញាបត្រដល់សិស្ស មន្ត្រីជាន់ខ្ពស់ជំនាន់ឧត្តមគតិជាតិ សិស្សមន្ត្រីក្រមការជំនាន់សាមគ្គីជាតិ និងវិញ្ញាបនបត្រកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៥ សិក្ខាកាមមន្ត្រីក្រសួងបរិស្ថាន សិក្ខាកាមថ្នាក់ដឹកនាំជាស្ត្រី ព្រមទាំងបើកវគ្គបណ្ដុះបណ្តាលឆ្នាំ ២០១៦ របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៩១៥ ។
សម្ដេចតេជ ហ៊ុន សែន ក៏បានអំពាវនាវដល់ ប្រទេសទាំងអស់កុំប្រើកម្លាំងដោះស្រាយ ប៉ុន្តែរួមគ្នាធ្វើក្រមប្រណិបត្តិ (COC)។ ជំហរ របស់កម្ពុជា គឺមិនចេញសេចក្តីគាំទ្រលើសេចក្តីសម្រេច ឬសេចក្តីថ្លែងការរបស់តុលាការទេ។ ខ្ញុំមិនអោយបរទេសប្រមាថ មាក់ងាយកម្ពុជាទេ ហើយក៏ខ្ញុំមិនអាចទទួលការចោទប្រកាន់ទម្លាក់កំហុសរឿងសមុទ្រចិនភាគខាងត្បូងមកលើកម្ពុជាដែរ៕