សម្តេចតេជោ សូមធ្វើជាមន្ត្រីជើង២ កុំធ្វើមន្ត្រីជើង១០
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមធ្វើជាមន្ត្រីជើង២ កុំធ្វើមន្ត្រីជើង១០ នឹងមន្ត្រីគ្រាប់ល្ពៅ ។ មន្ត្រីជើង២ មានការទទួលខុសត្រូវ និងចេះចុះជួយដោះស្រាយប្រជាពលរដ្ឋប្រកបដោយការទទួលខុសនិងត្រូវ និងចេះធ្វើការរួមគ្នាជាក្រុម។ កុំប៉ែងជើងគ្នា និងកុំក្តិចត្រួយ បើមានមន្ត្រីណាមានសមត្ថភាពពិតប្រាកដគឺយើងរុញឡើង។ ហើយចំពោះមន្ត្រីដែលបានធ្វើធំហើយ ក៏មិនត្រូវភ្លេចមន្ត្រីតូចតាចដែរ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង នៅព្រឹកថ្ងៃទី២០មិថុនា ឆ្នាំ ២០១៦នេះ ក្នុងឱកាសចូលរួមបិទវគ្គប្រគល់សញ្ញាបត្រដល់សិស្ស មន្ត្រីជាន់ខ្ពស់ជំនាន់ឧត្តមគតិជាតិ សិស្សមន្ត្រីក្រមការជំនាន់សាមគ្គីជាតិ និងវិញ្ញាបនបត្រកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៥ សិក្ខាកាមមន្ត្រីក្រសួងបរិស្ថាន សិក្ខាកាមថ្នាក់ដឹកនាំជាស្ត្រី ព្រមទាំងបើកវគ្គបណ្ដុះបណ្តាលឆ្នាំ ២០១៦ របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៩១៥ ។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ សូមអបអរសាទរ និងកោតសរសើរដល់ជ័យលាភីទាំងអស់ និងសូមកោតសរសើរដល់សាលាភូមិន្ទរដ្ឋបាលដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជាអោយកាន់តែមានសមត្ថភាពពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឆ្លៀតពេលនេះ សម្ដេចតេជោហ៊ុន សែន សូមអភ័យទោសជាសាធារណៈ ដែលកាលពីពេលថ្មីៗនេះ សម្ដេច បានជិះម៉ូតូនៅខេត្តកោះកុងមិនបានពាក់មួកសុវត្ថិភាព។ សូមបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ហើយត្រូវតែពាក់មួកការពារសុវត្ថិភាពគ្រប់ពេល ទោះបីជិះម៉ូតូជិតឬឆ្ងាយក៏ដោយ។
សម្ដេចតេជោ ក៏បានរំលឹកថា កាលពីជាង៣០ឆ្នាំមុន ថ្ងៃទី២០ មិថុនា នេះ គឺជាពេលគ្រោះថ្នាក់ខ្លាំងណាស់ និងជាថ្ងៃឈឺចាប់បំផុត ហើយក៏ជាថ្ងៃដែលខ្ញុំងើបតស៊ូវាយប៉ុលពតរំដោះប្រទេសជាតិ និងមានវត្តមានជាមួយប្រជាពលរដ្ឋមកទល់ថ្ងៃនេះ។ នៅថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្កើនអាហារូបករណ៍ ជួយដល់និស្សិតថ្នាក់ឯកទេសនៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៤០នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ ដែលត្រូវរៀនឆ្នាំ២០១៥ ដល់២០១៨ និងឆ្នាំ២០១៦ដល់ឆ្នាំ២០១៩៕