លោកប៉ែន ចំរ៉ុង ចូលបំភ្លឺតុលាការសារជាថ្មី ខណៈ អ្នកស្រី ភិន សុដាលីស ពុំមានវត្ត
ភ្នំពេញ ៖ លោក ប៉ែន ចំរ៉ុង ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ កាលពីថ្ងៃទី១៧ ខែមិថុនា បានចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ជាលើកទីពីរ ដើម្បីដំណើរការរឿងក្តីលែងលះភរិយា ។ ជាមួយគ្នានេះ អ្នកស្រី ភិន សុដាលីស ពុំមានវត្តមាននៅតុលាការនោះទេ តែមេធាវីរបស់អ្នកស្រីបានចូលខ្លួនមកតំណាង ។
មន្ត្រីតុលាការ ថ្លែងថា បន្ទាប់ពីធ្វើការទាញហេតុផលជាលើកពីរ តុលាការតម្រូវឲ្យភាគីទាំងពីរដាក់ភស្តុតាងបន្ថែម ទើបឈានដល់ការសម្រេចចុងក្រោយ ។ គួររំលឹកថា លោក ប៉ែន ចំរ៉ុង បានព្យាយាមលាក់បាំងរឿងរ៉ាវប្រេះឆាជាមួយភរិយា គឺអ្នកស្រី ភិន សុដាលីស ដោយពុំរៀបរាប់លម្អិតអ្វីជាដើមចមដែលឈានដល់ការដាក់ពាក្យបណ្ដឹងសុំលែងលះ ចូលតុលាការ នោះទេ ។
លោក ប៉ែន ចំរ៉ុង និង ភរិយា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ បានចូលខ្លួនតាមកាន់សាលាដំបូងរាជធានីភ្នំពេញ ម្តងរួចមកហើយ ដើម្បីសាកសួរចំពោះបណ្តឹងសុំលែងលះ ។ ក្រោយការសាកសួរប្រមាណជាង២ម៉ោងរួចមក លោក ប៉ែន ចំរ៉ុង បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ថា លោកចូលមកតុលាការពេលនេះ គឺ ដើម្បីប្តឹងសុំលែងលះភរិយា គឺ អ្នកស្រី ភិន សុដាលីស ។ ចំពោះសំណួរសួរថា តើមូលហេតុអ្វីដែលឈានដល់ការដាក់ពាក្យបណ្ដឹងសុំលែងលះនេះ ត្រូវបានលោក ប៉ែន ចំរ៉ុង បដិសេធមិនឆ្លើយនោះទេ ។
ដោយឡែក អ្នកស្រី ភិន សុដាលីស កូនស្រីថៅកែផលិតកម្មភាពយន្ត បានគេចខ្លួនពីក្រុមអ្នកសារព័ត៌មាន ពុំបានផ្ដល់បទសម្ភាសន៍ នោះទេ ។ ជាមួយគ្នានេះ មន្ត្រីតុលាការ បានឲ្យដឹងថា បច្ចុប្បន្នបណ្តឹងសុំលែងលះនេះ គឺ ស្ថិតក្រោមចំណាត់ការរបស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ។
មន្ត្រីតុលាការ បានបង្ហើបឲ្យដឹងថា លោក ប៉ែន ចំរុង បានដាច់ចិត្តដាក់ពាក្យបណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រ ជាមួយគ្នាជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេលជាងកន្លះខែមកហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះ ក្រោមមូលហេតុក្នុងពាក្យបណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះបានត្រឹមតែលើកហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ ៕