ចោរម្នាក់លួចម៉ូតូម្នាក់ ពលរដ្ឋចាប់ វាយនៅសល់ តែដង្ហើមចង្រិត
កណ្តាល ៖ ប្រជាពលរដ្ឋចាប់ចោរលួចម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ វាយម្នាក់មួយដៃ មួយជើង ប៊ិះតែក្ស័យសង្ខារ ទៅហើយ កុំតែបាននគរបាលក្រុងតាខ្មៅ ជួយអន្តរាគមន៍ជម្លៀសយកចេញ មកប៉ុស្តិ៍ នគរបាលទាន់ពេល។
ករណីនេះ បង្ក្រាបចោរលួចម៉ូតូដោយកណ្ដាប់ដៃប្រជាពលរដ្ឋនោះ កើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ម៉ោង១៩និង៣០នាទី នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណាំង មេសា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងបូរីពិភពថ្មី ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរកម្មករនៅបូរីពិភពថ្មី។ ជនល្មើសមានគ្នា៣នាក់ ចាប់ខ្លួនបានម្នាក់ គឺទី១-ឈ្មោះម៉ៅ សំណាង ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ២-ឈ្មោះធី ភេទប្រុស អាយុ២៩ ឆ្នាំ ផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។ ៣-ឈ្មោះ ថា ភេទប្រុស អាយុ ២៧ឆ្នាំ ផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។ វត្ថុតាង ចាប់យកម៉ូតូ០១គ្រឿងម៉ាកc.125ពណ៌ខ្មៅស៊េរី២០០៩ស្លាកលេខព្រៃវែង 1B-8739(ម៉ូតូជនរងគ្រោះ)។
សាក្សី បាននិយាយថា កាលពីវេលាកើតហេតុខាងលើ ជនល្មើសទាំង៣នាក់ បានជិះម៉ូតូ០១គ្រឿងម៉ាកWave ពណ៌សលាយខ្មៅ គ្មានស្លាកលេខមកលួចកាច់ករម៉ូតូរបស់ជនរងគ្រោះខាងលើ ដោយជនល្មើសម្នាក់ឈ្មោះថា ជាអ្នកចូលកាច់ រីឯជនល្មើសឈ្មោះម៉ៅ សំណាង ជាអ្នកយាមផ្លូវ និងចាំជិះម៉ូតូដែលកាច់បាន។ ចំណែកជនល្មើសម្នាក់ទៀត ឈ្មោះធីបញ្ឆេះម៉ូតូចាំមើលផ្លូវ។ នៅពេលកាច់កម៉ូតូម៉ាកc125ពណ៌ខ្មៅ ស៊េរី2008 បានហើយ ជនល្មើសម្នាក់ឈ្មោះម៉ៅ សំណាងបានជិះម៉ូតូនោះរត់គេច បានចម្ងាយជាង០១គីឡូម៉ែត្រ ក៏ត្រូវបានម្ចាស់ម៉ូតូព្រមទាំងប្រជាពលរដ្ឋបាននាំគ្នាដេញ ចាប់បានម្នាក់ឈ្មោះម៉ៅ សំណាង រួមទាំងវត្ថុតាង ហើយនាំគ្នាព្រួតវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដាលឲ្យមានរបួស ស្នាមជាំ ពេញខ្លួន។ ក្រោយមកក៏ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗនាំជនសង្ស័យនិង វត្ថុតាងយកមកអធិការដ្ឋាន។
តាមការសាកសួរជនល្មើសឈ្មោះ ម៉ៅ សំណាង បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជា បាននាំគ្នាធ្វើសកម្មភាពលួចកាច់ក យកម៉ូតូខាងលើ ប្រាកដមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាងមួយឆ្នាំមកហើយ៕