បុរសម្នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ពីបទរក្សាទុកអាវុធខុសច្បាប់
ភ្នំពេញ ៖ បុរសម្នាក់ដែលរក្សាទុកអាវុធខុសច្បាប់ ដែលសមត្ថកិច្ចអះអាងថា អាចនឹងធ្វើសកម្មភាពល្មើសច្បាប់ អ្វីមួយ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៧ខែមិថុនា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
មន្ត្រីតុលាការ ថ្លែងថា បុរសរូបនេះ ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទរក្សាទុកអាវុធខុសច្បាប់ តាមមាត្រា២០ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ។ ជនសង្ស័យឈ្មោះ ប៉ែន រស្មី អាយុ២៩ឆ្នាំ មានទីលំនៅភូមិយាអង្គ ឃុំយាអង្គ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពី ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ខដង្កោ ។
សមត្ថកិច្ច បន្តថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក បានជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋានតាមបណ្ដោយផ្លូវជាតិលេខ៣ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតមកដល់ក្បែរផ្ទះសំណាក់ យីហោ សុវណ្ណមុនី ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូ សង់ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ដោយមានសៀតកាំភ្លើងខ្លី ១ដើមនៅចង្កេះខាងឆ្វេងចំហៀងខាងមុខ ហើយដោយមានការសង្ស័យកម្លាំងក៏ហៅអោយឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនព្រមឈប់នោះទេ គឺបានបន្ថែមល្បឿនម៉ូតូជិះឆ្ពោះទៅមុខទៀត ដើម្បីគេចខ្លួន។ ដោយឃើញសកម្មភាពបែបនេះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក ក៏បានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ និងរាយការណ៍ជូនលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោចេញបញ្ជាតាមវិទ្យុទាក់ទងគ្រប់បណ្តាប៉ុស្តិ៍ពួនស្ទាក់ចាប់ជនសង្ស័យ រហូតដល់ផ្លូវលំមួយខ្សែ ដែលជាផ្លូវទាល់ ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ជនសង្ស័យភ័យពេក ក៏ឈប់ម៉ូតូចតចោលរត់គេចខ្លួនបានប្រហែល ១គីឡូម៉ែត្រ ព្រមទាំងយកកាំភ្លើងខ្លីនោះលាក់ចូលទៅក្នុងស្មៅ និងបន្តដំណើរទៅមុខទៀត ក៏ត្រូវសមត្ថកិច្ចដេញតាមទាន់ចាប់ក្របួចជាប់ នាំមកយកកាំភ្លើងនោះវិញដដែល។
សមត្ថកិច្ចប្រាប់ បន្តឲ្យដឹងថា វត្ថុតាងដកហូតពីជនសង្ស័យរួមមាន កាំភ្លើងខ្លី ១ដើម ម៉ាក K59 លេខ ៤០២៣ បង់ ចំនួន ១ គ្រាប់ ចំនួន ៤គ្រាប់ ដែកកែច្នៃសម្រាប់ធ្វើសកម្មភាពកាច់សោរកម៉ូតូ ចំនួន ២ កាតគ្រីម៉ូតូ ចំនួន ៤ សន្លឹក និងទូរស័ព្ទដៃ ម៉ាក ណូគា ចុចពិល ចំនួន ១គ្រឿង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឆ្លើយសារភាពថា កាំភ្លើងខ្លី ១ដើម ម៉ាក K59 លេខ ៤០២៣ បង់ ចំនួន ១ គ្រាប់ ចំនួន ៤គ្រាប់នេះ គឺរូបគេបានទិញពីឈ្មោះ ខ្មៅ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបរលក់ឈើ មានទីលំនៅភូមិត្រពាំងជូ ឃុំត្រពាំងជូ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៦ តម្លៃ ៣០០ដុល្លារ ទុកសម្រាប់ការងារខ្លួន ៕
ប្រភពពី ៖ បាយ័ន