ប្រេស៊ីល បង្ហាញរូបរាងមេដាយអូឡាំពិក រដូវក្ដៅទីក្រុង Rio 
                                    
                                    
                                        
                                        
                                               
                                    
                                        
                                        
	 
	បាល់ទាត់៖ រយៈពេលមិនដល់ពីរខែទៀតព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្ដៅទីក្រុង Rio នឹងចាប់ផ្តើម ប្រេស៊ីលបាន ដាក់បង្ហាញផ្លូវការនូវរូបរាងមេដាយ មាស ប្រាក់ និងសំរិទ្ធ សំរាប់ចែកចាយ ជូន បានជ័យលាភី។ 
	 
	បើតាមមន្ត្រីជំនាញអោយដឹងមេដាយអូឡាំពិកទីក្រុង Rio នេះ ត្រូវបានរចនាឡើងបង្កប់នូវអត្ថន័យ អនុភាពនៃវីរបុរសអូឡាំពិក និងអនុភាពនៃធម្មជាតិ។ ក្នុងពិធីដាក់សម្ពោធនេះ ចូលរួមដោយប្រធាន គណៈកម្មាធិការអូឡាំពិក អន្តរជាតិលោក Thomas Bach រួមជាមួយនឹងមានការដើរបង្ហាញ ម៉ូតផងដែរ។ 
	 
	តាមពិតទៅព្រឹត្តិការណ៍អូឡាំពិក កាន់តែខិតជិតចូលមកដល់ហើយ តែប្រេស៊ីលបានប្រឈម នឹងបញ្ហាជា ច្រើនមួយរយៈចុងក្រោយនៃការត្រៀមខ្លួនរៀបចំនេះ បូករួមទាំងបញ្ហា នយោបាយ និងបញ្ហាសុខភាពដែល កំពុងបុករុកប្រទេសធំជាងគេនៅអាមេរិកឡាទីនមួយនេះ។
	 
	ចំនួនទឹកប្រាក់ដែលត្រូវចំណាយក្នុងការរៀបចំអូឡាំពិកនៅទីក្រុង Rio de Janeiro គិតពីខែ សីហាឆ្នាំ មុនមកដល់ពេលនេះ 400លានរ៉ៃស្មើនឹងប្រមាណ 100លានដុល្លាអាមេរិក ខណៈដែលមាន ការរិះគន់ ជាច្រើនពីការចាយវាយថវិកាជាតិច្រើនហួសកំរិត ស្របពេលដែលប្រទេស កំពុងមាន វិបត្តិហិរញ្ញវត្ថុ។ 
	 
	ប្រេស៊ីលកំពុងរត់ប្រណាំងនឹងពេលវេលា ដោយហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានផ្សេងៗ នៅមិនទាន់ រួមរាល់ ខណៈដែលកាលពីដើមឆ្នាំ ដំណើរការសាងសង់កីឡដ្ឋានមួយ ចំនួនត្រូវ បានផ្អាក ដូចជា មជ្ឈមណ្ឌល កីឡាតេន្នីស ប្រណាំងកង់ ហើយសប្ដាហ៍មុនមានការផ្អាកដំណើរ ការសាងសង់ កីឡដ្ឋានបាល់ទះទៀតផង។
	 
	ព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលនឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី5 ខែសីហា៕