គម្រោងវិនិយោគតម្លៃ៥០០លានដុល្លារចាប់ផ្ដើមដំណើរការ នៅរមណីយដ្ឋានគិរីរម្យ
ភ្នំពេញ ៖ គម្រោងវិនិយោគតម្លៃ៥០០លានដុល្លារ ដែលបាននិងកំពុងអភិវឌ្ឍន៍នៅតំបន់ រមណីយដ្ឋានគិរីរម្យ បាននិងកំពុងដំណើរការហើយ ដោយបានចាប់ផ្ដើមសាងសង់ផ្ទះលំហែ សម្រាប់និវត្តន៍ជន និងការបើកវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។
លោក ហ៊ិន សុជាតិ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A Town Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ មិថុនានេះថា បច្ចុប្បន្នក្រុមហ៊ុន កំពុងរៀបចំ ហាងកាហ្វេកុងទីណ័រចំនួន៤ និងរៀបចំដីជុំវិញឲ្យបានស្អាតមុនបើកដំណើរការនៅចុងខែមិថុនា ឬដើមខែកក្កដាខាងមុខនេះ។ បន្ទាប់មកក្រុមហ៊ុនបាននិងកំពុងសាងសង់ផ្ទះលំហែ សម្រាប់និវត្តន៍ជនចំនួនជាង១០០ផ្ទះ និងកំពុងរង់ចាំអាជ្ញាប័ណ្ណបើកវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យពីក្រសួងអប់រំ ដើម្បីបើកដំណើរការវិទ្យាស្ថាននេះ ព្រោះអាគារចំនួន៤ បានសាងសង់រួចហើយ និងគ្រោងសាងសង់អាគារចំនួន៤បន្ថែមទៀត ពេលក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណបើកវិទ្យាស្ថានកម្រិតឧត្ដមសិក្សានេះ។
លោកបន្តថា “ការវិនិយោគផ្ទះលំហែនេះ ធ្វើឡើងសម្រាប់និវត្តន៍ជនដែលត្រូវការកន្លែងលំហែមានខ្យល់អាកាសបរិសុទ្ឋគ្រប់រដូវ ហេតុនេះទើបក្រុមហ៊ុន ព្យាយាមរក្សាដើមឈើ ដែលមានស្រាប់ និងដាំដើមឈើបន្ថែមនៅកន្លែងគ្មានដើមឈើ ពោលគឺយើងធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍នេះប្រកបដោយនិរន្តរភាព”។ លោកបន្តថា “ក្រុមហ៊ុនក៏នឹងរៀបចំ ជាសណ្ឋាគារកុងទីណ័របន្ថែម នាពេលខាងមុខបន្តទៀត ព្រោះកន្លែងសម្រាកដែលបានរៀបចំកន្លងមក គឺទទួលបានភ្ញៀវចូលសម្រាកពេញៗពេលរដូវបុណ្យទាន និងមានកំណើនភ្ញៀវជាបន្តបន្ទាប់ចាប់តាំងពីបើកដំណើរការមក”។
លោកហ៊ិន សុជាតិបានបន្តថា ទាក់ទងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ជំហ៊ានតំបូងក្រុមហ៊ុន នឹងធ្វើការបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យាជាមុន បន្ទាប់មកបើកជំនាញស្ថាបត្យកម្ម ភាសាជប៉ុន និងជំនាញដទៃទៀត ហើយនិស្សិតសិក្សានៅវិទ្យាស្ថាននេះ នឹងទទួលបានអាហារូបករណ៍១០០ភាគរយ ព្រមទាំងផ្ដល់ជូននូវ Ipad កុំព្យូទ័រលេបថប់ អាហារបីពេល កន្លែងស្នាក់នៅ និងសេវាធ្វើដំណើរពីភ្នំពេញទៅគិរីរម្យដោយឥតគិតថ្លៃរៀងរាល់សប្ដាហ៍ទៀតផង។
ក្រុមហ៊ុនA2A Town Cambodiaបានទទួលដីសប្បទានពីរដ្ឋាភិបាលចំនួន២០០០ហិកតាពីរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍នៅតំបន់នេះ ដោយដំណាក់កាលទី១ នឹងធ្វើការ អភិវឌ្ឍន៍លើផ្ទៃដីទំហំ៥០០ហិកតា។ លោកអាង គីមអៀងប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការវិនិយោគបែបនេះជាសម្បទាថ្មីមួយជួយទ្រទ្រង់ និងទាក់ទាញបន្ថែមទៀតដល់រមណីដ្ឋានទេសចរណ៍នេះ ដែលការវិនិយោគបែបនេះសមស្របនឹងនិន្នាការពិភពលោក ដូច្នេះប្រសិនជារមណីយដ្ឋាននេះរៀបចំបានល្អ វានឹងទទួលបានចំណូលកាន់ច្រើន។
លោកបន្តថា ទីផ្សារទេសចរណ៍បែបនេះមានកំណើនលើពិភពលោក ក៏ដូចជានៅកម្ពុជា ដូច្នេះកម្ពុជាគួរមានការកែច្នៃរមណីយដ្ឋានកែច្នៃបន្ថែមទៀត ដើម្បីឲ្យកម្ពុជា មានផលិតផលទេសចរណ៍កាន់តែសម្បូរបែប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រុមផ្សេងៗគ្នា។
លោកបន្តថា “គិរីរម្យពីមុនមកជាទីក្រុងមួយ ព្រោះវាមានភាពទាក់ទាញដោយសារសម្រស់ធម្មជាតិនៅតំបន់នេះ ដែលមានអាកាសធាតុត្រូពិកអំណោយផលជាងនៅអឺរ៉ុប និងប្រទេសជប៉ុន”។លោកបន្តថា “រមណីយដ្ឋាននេះស្ថិតនៅរយៈកម្ពស់ជាង៦០០ម៉ែត្រ គឺជាលក្ខខ័ណ្ឌអំណោយផលដល់ជីវិតមនុស្ស និងសត្វ” ៕