រឿងក្ដីឃាតកម្មសម្លាប់រង្គាលនៅហាងកាហ្វេបុប្ផាកំពូលភ្នំ ឡើងដល់តុលាការកំពូល
ភ្នំពេញ ៖ រឿងក្ដីឃាតកម្មប្លន់សម្លាប់ដ៏សាហាវមួយនៅក្នុងហាងកាហ្វេបុប្ផាកំពូលភ្នំ ក្រុងតាខ្មៅ កាលពីឆ្នាំ២០១០ ដែលក្រុមជនល្មើស៣នាក់បានបាញ់សម្លាប់មនុស្ស៣នាក់ ឥឡូវនេះបានដំណើរការនីតិវិធីដល់តុលាការកំពូលហើយ ។
មន្ត្រីតុលាការកំពូល បានឲ្យដឹងថា រឿងក្ដីនេះ នឹងត្រូវតុលាការកំពូលបើកសវនាការជំនុំជម្រះសាជាថ្មី នៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ។
មន្ត្រីដដែល បញ្ជាក់ថា ជនជាប់ចោទ៣នាក់ មានឈ្មោះ ប៊ុន វុត្ថា អាយុ២៣ឆ្នាំ ឈ្មោះ សុខ សេង ហៅ សេង តុង អាយុ៤៤ឆ្នាំ និង ឈ្មោះ តន់ សារុំ អាយុ៣១ឆ្នាំ ត្រូវបានសាលាដំបូងខេត្តកណ្ដាល និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១០ នៅចំណុចហាងកាហ្វេបុប្ផាកំពូលភ្នំ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
គួររំលឹកថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១០ មានអំពើឃាតកម្មមួយកើតឡើង នៅចំណុចផ្ទះហាងលក់បាយកាហ្វេយីហោ “បុប្ផាកំពូលភ្នំ” ស្ថិតនៅខាងលិចរង្វង់មូល លោកតាម៉ៅ ក្រុងតាខ្មៅ ប្រព្រឹត្តដោយ ជនជាប់ចោទ៣នាក់ ឈ្មោះ សុខ សេង ហៅ សេង តុង ឈ្មោះ តន់ សារុំ និង ឈ្មោះប៊ុន វុត្ថា ។ ក្នុងសកម្មភាពនេះ ជនជាប់ចោទបានសម្លាប់មនុស្ស៣នាក់រួមមាន ម្ចាស់ហាង ឈ្មោះសុខ ភេទស្រី អាយុ ៤៨ឆ្នាំ ម្ចាស់ហាងនិងជាបងប្អូនជីដូនមួយរបស់ជនជាប់ចោទ សុខ សេង កូនស្រីម្ចាស់ហាងឈ្មោះប៉ាច ស្រីនី អាយុ ២៤ឆ្នាំ និងអ្នកបម្រើម្នាក់ទៀតអាយុ ១៥ឆ្នាំ។
ជនជាប់ចោទសុខ សេង រៀបរាប់ថា មូលហេតុដែលកើតឡើងដោយសារប្រាក់២០០០ដុល្លារ ពោលគឺនៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១០ រូបគេ និងបក្ខពួក បានធ្វើដំណើរទៅផ្ទះស្ត្រីរងគ្រោះ។ ពេលទៅដល់ពួកគេលួចចូលតាមទ្វារ ក្រោយ រួចចាប់ភ្ជង់មនុស្សនៅក្នុងផ្ទះ។ ភ្លាមនោះស្ត្រីឈ្មោះសុខ បានយកប្រាក់៦០ម៉ឺន រៀលប្រគល់ឲ្យពួកគេ។ ប៉ុន្តែជនល្មើសត្រូវការប្រាក់ចំនួន២០០០ដុល្លារ។
នៅពេលស្ត្រីរង គ្រោះប្រកែកថាមិនមាន ជនល្មើសបានបញ្ជាឲ្យដោះ ចិញ្ចៀន ខ្សែក ពាក់ជាប់ខ្លួនប្រគល់ឲ្យពួកគេ។ ក្រោយពេលបានគ្រឿងអលង្ការការួច ជនល្មើសសុខ សេងបាន គំរាមឲ្យជនរងគ្រោះទាំងបីនាក់ ឡើងលើគ្រែដេកផ្គាប់មុខទាំងអស់គ្នា រួចជនល្មើសបាញ់ចំ ក្បាល់ម្នាក់មួយគ្រាប់ស្លាប់មួយរំពេច ហើយប្រញាប់គេចខ្លួនតែម្តង។
ជនល្មើសបន្តទៀតថា ក្រោយពីខ្លួនចេញពីពន្ធនាគារបាន៣ខែ ពោលគឺនៅយប់ថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០១០ ខ្លួននិងឈ្មោះ ប៊ុន វុត្ថា បានធ្វើសកម្មភាពប្លន់សម្លាប់នៅភូមិវាលពង់លើ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យប្តីប្រពន្ធ និងចៅម្នាក់បាត់បង់ជីវិត ៕
ប្រភពពី ៖ គេហទំព័របាយ័ន