គោសាច់ របស់ អូស្ត្រាលី បានមកដល់ទីផ្សារកម្ពុជាហើយ
ភ្នំពេញ ៖ គោ ប្រាម៉ាន របស់ប្រទេសអូស្ត្រាលី ដែលល្បីឈ្មោះនៅទូទាំងពិភពលោកបាននាំចូលមកដល់ប្រទេសកម្ពុជា ហើយ ដើម្បីផលិតសាច់ចែកចាយ នៅទីផ្សារកម្ពុជា និងប្រទេស ចិន ថៃ វៀតណាម ជប៉ុន និងប្រទេស មួយចំនួនទៀត។
ថ្លែងប្រាប់ ឲ្យដឹង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក អ៊ឹម វណ្ណារិទ្ធ អ្នកនាំពាក្យរបស់ក្រុមហ៊ុន SLN (អេស អិល អិន សឹបផ្លាយ ភីធីវ៉ាយ ខូអ៊ិលធីឌី) បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនដំបូងគេ និងធំបំផុតនៅប្រទេសកម្ពុជា ក៏ដូចជាអាស៊ានទាំងមូល ដែលបាននាំគោប្រាម៉ាន់ ពីប្រទេសអូស្ត្រាលី ដើម្បីផលិតចេញជាសាច់ សម្រាប់ចែកចាយនៅទីផ្សារកម្ពុជានិងទីផ្សារអន្តរជាតិ។
លោក បន្តថា គោប្រាម៉ាន់ ចំនួន២៧៦៦ក្បាលនឹងនាំមកដល់ប្រទេសកម្ពុជា ជាលើកដំបូងនាថ្ងៃទី១៧ ខែ មិថុនា នេះ ហើយនឹងចាប់ផ្តើមផលិតចេញជាសាច់ក្រោយរយៈពេលបីថ្ងៃបន្ទាប់ពីនាំចូល ដើម្បីចែកទៅតាមដេប៉ូកម្ពុជាទូទាំងប្រទេស។ តែយ៉ាងណាក្តីលោករំពឹងថា ការនាំចូលគោប្រភេទនេះ ដើម្បីផលិតជាសាច់នេះ នឹងទទួលបានជោគជ័យ ដោយសារតែសាច់គោនេះ គឺផលិតនៅរោងចក្រនៅកម្ពុជាតែម្តងដោយមិនចាំបាច់ក្លាសេនោះទេ។
លោកថា «នៅថ្ងៃទី២០មិថុនាខាងមុខនេះ ក្រុមហ៊ុនរបស់លោក នឹង ចាប់ផ្តើមផលិត ក្នុងមួយថ្ងៃ២០០ក្បាល សម្រាប់ចែកចាយ នៅទីផ្សារកម្ពុជា។ លោក ថ្លែងទៀតថា តម្លៃដែលលក់នៅទីផ្សារកម្ពុជា គឺថោក ជាងសាច់គោអូស្ត្រាលី ដែលខ្មែរយើងនាំចូលកន្លងមក»។ តែយ៉ាងណាក្តី លោកមិន បានបញ្ជាក់ថា ក្នុងមួយគីឡូងតម្លៃប៉ុន្មាននោះទេ។
ក្រុមហ៊ុនអេស អិល អិន សឹបផ្លាយ ភីធីវ៉ាយ ខូអ៊ិលធីឌី គឺជាក្រុមហ៊ុនធំ ជាងគេនៅអាស៊ាននេះ សម្រាប់ ផលិតសាច់គោអូស្ត្រាលី ដែលបានវិនិយោគសាងសង់រោងចក្រតម្លៃជាង ៣០លាន ដុល្លារអាមេរិក។ រោងចក្រនេះ គឺស្ថិតនៅភូមិព្រែកទាល ឃុំ ទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕