សត្វដង្កូវ កំពុងវាយប្រហារ ស្រូវប្រជាពលរដ្ឋ រាប់រយ ហិកតា នៅស្រុកក្រឡាញ់
សៀមរាប ៖ ប្រជាពលរដ្ឋ បាននាំ ត្អូញត្អែរថា ពួកគាត់ប្រឈមនឹងបាត់បង់ទិន្នផលស្រូវ និងខ្វះស្បៀងអាហារ ដោយសារហ្វូងសត្វដង្កូវរាតត្បាត និងស៊ីបំផ្លាញស្រូវអស់ជាង២០០ ហិកតានៅស្រុកក្រឡាញ់ អស់រយៈពេលជិតមួយសប្ដាហ៍កន្លងមកនេះ។
លោក បឿន ប៊ិន រស់នៅភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ បានរៀបរាប់ថា ស្រូវវស្សារបស់គាត់ប្រមាណ៣ហិកតា រងការខូចខាត ដោយសារហ្វូងសត្វដង្កូវរាតត្បាត និងស៊ីបំផ្លាញរយៈពេលជិតមួយសប្ដាហ៍មកហើយ។ កសិករក្នុងវ័យជិត៥០ឆ្នាំ ដែលមានសមាជិកគ្រួសារ៦នាក់រូបនោះបន្តថា វិបត្តិនៃដំណាំកសិកម្មនេះ រូបលោកមិនហ៊ានប្រើវិធីសាស្ត្រណាមួយដើម្បីកម្ចាត់លើសត្វដង្កូវ ដែលបំផ្លាញដំណាំកសិកម្មនោះទេ ពោលគឺលោកបានត្រឹមឈរមើលដើមស្រូវ ត្រូវរងការខូចខាតប៉ុណ្ណោះ។
លោក បន្តថា បើភូមិគេផ្សេងៗទៀតវាមិនទាន់ស៊ីទេ ស៊ីតែភូមិនេះ ហើយវាចុះស៊ីស្រែខ្ញុំអស់មួយ រួចវារទៅស្រែមួយទៀត។ ស្រែខ្ញុំនៅខាងលិចមិនទាន់ទៅដល់ទេ ក្បែរភូមិនេះអស់ហើយ វាឡើងទៅទាំងហ្វូងមិនដឹងធ្វើម៉េច បើបានអង្គការអីគេជួយ មិនដឹងអរគុណប៉ុណ្ណាទេ។ ភូមិស្លែងមានពលរដ្ឋរស់នៅជាង២០០គ្រួសារ មានចម្ងាយ៥០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប។ អ្នកភូមិទាំងអស់ជាកសិករប្រកបរបរកសិកម្ម។ ភូមិនោះស្ថិតនៅឃុំស្រណាល ស្រុកក្រឡាញ់ ដែលហ៊ុមព័ទ្ធដោយវាលស្រែធំល្វឹងល្វើយ មានពណ៌ខៀវស្រងាត់នារដូវវស្សា។ ប៉ុន្តែរយៈពេលមួយសប្ដាហ៍កន្លងមកនេះ អ្នកភូមិអះអាងថា ស្រូវវស្សា ដែលទើបមានអាយុប្រហែលពីរខែ ដែលមានពណ៌ខៀវស្រងាត់ ខ្លះនៅសល់តែគល់ និងខ្លះទៀតរុំព័ទ្ធដោយហ្វូងសត្វដង្កូវគ្រប់ប្រភេទ។
ខណៈ កំពុងបូមទឹកបញ្ចូលស្រែ បុរសវ័យជាង៤០ឆ្នាំ គឺលោក ផុន ភឿត បានឲ្យដឹងថា កន្លងមកពួកគេធ្វើស្រែវស្សានេះអាចទទួលផលបានជាងមួយតោនក្នុងមួយ ហិកតា ប៉ុន្តែលោកថាបើមានសត្វល្អិតបំផ្លាញវាអាចប្រឈមនឹងបាត់បង់ ទិន្នផលស្រូវ ស្របពេលដែលស្រូវខ្លះខ្វះទឹក។ បុរសសម្បុរខ្លៅរូបនោះសម្លឹងមើលគល់ស្រូវ ដែលសល់ពីសត្វដង្កូវស៊ី ហើយនិយាយថារូបគាត់មិនដែលជួបប្រទះពីការរាតត្បាតនៃសត្វដង្កូវនោះ ទេ។
លោក បន្ថែមថា ក្រោយពីមានសត្វដង្កូវហ្វូងបំផ្លាញដំណាំស្រូវនេះ លោកថាមានអាជ្ញាធរ និងអង្គការខ្លះចុះពិនិត្យមើល ប៉ុន្តែគ្មានលទ្ធផល ដោយសារអ្វីនឹងមិនអាចជួយសង្គ្រោះបាននោះទេ។ រូបគាត់ខូចខាតពូជស្រូវអស់ប្រមាណ៥ការុងក្នុងមួយហិកតា។ លោកបន្ដថា បាទវាស៊ីចាប់ពីចុងមុនរហូតដល់គល់ ខ្វះខាតគ្រប់បែបយ៉ាងបង ណាមួយអស់ពូជ ណាមួយអស់ជីទាំងអស់នោះឯងចឹងបានខ្ញុំចាំមើលទាំងអស់គ្នា ចាំមើលគេចុះមកជួយ។
ស្ដ្រី វ័យជាង៤០ឆ្នាំមួយរូបទៀតគឺអ្នកស្រី ឃុត ម៉ាឡា បានរៀបរាប់ពីភាពអន្តរាយនោះដែរថា ហ្វូងសត្វដង្កូវនោះមានគ្រប់ប្រភេទ និងគ្រប់ពណ៌បានវាយលុកលើស្រូវវស្សាអ្នកភូមិជាច្រើនហិកតា បណ្ដាលឲ្យខូចខាតទាំងស្រុងនិងជាច្រើនហិកតាទៀតកំពុងប្រឈម។ កសិកររូបនោះសម្ដែងភាពសោកស្ដាយ និងខ្លាចបាត់បង់ផលស្រូវ ដែលអ្នកស្រីថា សត្វល្អិតចង្រៃនោះបានធ្វើសកម្មភាពបន្លាស់ទីពីស្រូវស្រែមួយទៅ ស្រែមួយទៀត ហើយស៊ីបំផ្លាញស្រូវចាប់ពីស្លឹកស្រូវរហូតដល់គល់ស្រូវ ធ្វើឲ្យដំណាំកសិកម្មនោះ មិនអាចលូតលាស់បាន ខណៈដែលក្នុងស្រែគ្មានទឹកស្រោចស្រព។
អ្នកស្រី បន្ដថា អស់ប្រហែលមួយហិកតាជាងហើយ វាស៊ីមិនទាន់អស់ វាស៊ីហាប់អស់ វាស៊ីទៅតាមហ្វូង តាមខ្សែនេះ វាចុះទៅស្រែរាលៗទៅស្រែថ្មីទៀត វាស៊ីអស់មួយស្រែទៅមួយស្រែ បើយើងមិនមានអីទប់ស្កាត់វាស៊ីទាល់តែអស់។< ការ ធ្វើបទសម្ភាសន៍ជាមួយក្រុមប្រជាកសិករជាច្រើននាក់នេះគឺធ្វើឡើងនៅ ថ្ងៃទី១៥ ខែមិថុនានេះ ដោយពួកគាត់បានឲ្យដឹងស្រដៀងគ្នាថា ហ្វូងដង្កូវបានរាតត្បាតទៅលើស្រូវពួកគាត់ប៉ុណ្ណោះ ហើយកសិករភាគតិចណាស់បានប្រើប្រាស់ថ្នាំពុលដើម្បីទប់ស្កាត់សត្វ ដង្កូវមិនឲ្យយាយីបន្ថែមទៀត ដែលពួកគាត់បារម្ភខ្លាចប៉ះពាល់ដល់សុខភាពមនុស្សនិងសត្វ។
មិន ខុសពីកសិករដែលបានរៀបរាប់ពីមុននោះទេ អ្នកភូមិវ័យជាង៤០ឆ្នាំម្នាក់ទៀត អ្នកស្រី ឃុត សាលឿង បានឲ្យដឹងថា សត្វដង្កូវបានរាតត្បាតលើស្រូវអ្នកស្រីប្រមាណ២ហិកតាក្នុងចំណោម៧ ហិកតា ប៉ុន្តែមិនហ៊ានប្រើប្រាស់ថ្នាំពុលនៅឡើយទេ ខ្លាចប៉ះពាល់ដល់សុខភាព តាមការណែនាំពីជំនាញផ្នែកកសិកម្ម ដែល ចុះទៅណែនាំ។ អ្នកស្រីបន្ដថា ៖ ខ្ញុំឲ្យរដ្ឋអំណាចជួយដល់នាងខ្ញុំផងនិងប្រជាជនផង ធ្វើយ៉ាងណាផ្ដល់យោបល់ណាកម្ចាត់សត្វនេះឲ្យងាប់។
ករណីនេះ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបលោកមឿង សុនិត្យា លោកមានប្រសាសន៍ថា ក្រោយការពិនិត្យលើសត្វដង្កូវបំផ្លាញដំណាំស្រូវនោះ លោកបានណែនាំឲ្យពលរដ្ឋទប់ស្កាត់ដោយប្រើបច្ចេកទេសបុរាណ ប៉ុន្តែលោកមិនបានបញ្ជាក់ពីវិធីសាស្ត្រនោះទេ ដោយប្រាប់ថាលោកបានណែនាំឲ្យកសិកររួចរាល់ហើយ។ លោកបន្ដថា ៖ មកយកឯកសារមើលទៅបានណែនាំដល់ប្រជាកសិករម្សិលមិញរួចរាល់ហើយ ពីពិធីទប់ស្កាត់ វិធីបុរាណអីមានអស់ហើយ ឯកសារគេមានហើយ បាទខ្ញុំអត់មានពេលទេ យកឯកសារមើលទៅ។
ករណី នេះមេភូមិស្លែងឃុំស្រណាលលោក ប៊ិន បៀន មានប្រសាសន៍ថា វិធីសាស្ត្រដែលមន្ទីរកសិកម្មខេត្តណែនាំដល់ពលរដ្ឋនោះគឺឲ្យជីក រណ្ដៅដាក់ផេះកាត់មុខហ្វូងសត្វដង្កូវ ប៉ុន្តែលោកថា បច្ចេកទេសនេះគ្មានលទ្ធភាពនោះទេ ដោយសារសត្វល្អិតនោះបានរាតត្បាតស្ទើរតែគ្រប់ស្រែនៅតំបន់នោះ។ លោកបន្ដថា ៖ ប្រធានការិយាល័យកសិកម្មស្រុកគាត់ណែនាំមិនចង់ឲ្យយើងប្រើថ្នាំ ឲ្យយើងប្រើជារណ្ដៅរោយជាផេះ ឲ្យយើងប្រើថ្នាំបុរាណ ឲ្យបុកស្ដៅពូតត្រងលាយជាមួយនឹងសាប៊ូ និងទឹកនោមយកទៅបាចវាអាចពុលដែរ ហើយខ្ញុំប្រាប់ប្រជាជនទៅថាធ្វើមិចកើតបើស្រូវខ្លះបួនប្រាំ ហិកតាបុកស្ដៅពូតយកលាភកើតទេ។
មេភូមិ រូបនោះបន្ដថា ស្រូវវស្សាដែលរងការខូចខាតនោះមានប្រមាណ២០០ហិកតាក្នុងចំណោមស្រូវ ជាង៥រយហិកតារបស់ពួកគាត់ ខណៈដែលស្រូវអ្នកភូមិផ្សេងទៀតគ្មានផលប៉ះពាល់។ លោកបន្ដថាស្រូវទាំងនោះអាចប្រឈមនឹងការខូចខាតបន្ថែមទៀត បើគ្មានអន្តរាគមន៍ពីក្រសួងជំនាញនោះទេ ស្របពេលដែលស្រូវទាំងបានរងផលប៉ះពាល់ពីការខ្វះទឹកស្រោចស្រព។ គឺថាក្នុងមួយយប់ៗឬមួយថ្ងៃៗអស់ច្រើនណាស់ពីល្ងាចខ្ញុំមើលទៅវា ស៊ីមួយជ្រុងឬពាក់កណ្ដាលដល់ព្រឹកឡើងអស់ម៉ងបងអស់ទាំងស្រុងវា ស៊ីវាស់ព្រឹកវាស់ល្ងាច។
ទោះជា យ៉ាងណាក្រសួងកសិកម្មបានប្រកាសថា ខេត្តចំនួន៥បានកើតនូវដង្កូវហ្វូងស៊ីសំណាបស្រូវរបស់ប្រជាកសិករ នៅដើមរដូវវស្សានេះ ដែរថា ករណីនេះដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយយូរធ្វើឲ្យមានការកកើត និងរាលដាលពួកដង្កូវហ្វូងប្រភេទនេះ ដែលកើតឡើងដូចជានៅខេត្តកំពង់ចាមមានចំនួន១២០ហិកតា ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ។
សេចក្តីជូនដំណឹង ស្តីពីការត្រៀមអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំស្រូវ ចុះហត្ថលេខាដោយលោក សូខន ឫទ្ធីគុណ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មចុះថ្ងៃទី ១៤ ខែមិថុនា បានឲ្យដឹងថា ប្រទេសកម្ពុជាប្រែប្រួលរាំងស្ងួតក្តៅខ្លាំងបានកកើតនិងរាលដាលនៃ ពួកដង្កូវហ្វូងនេះយ៉ាងឆាប់រហ័សក្រោយពីមានភ្លៀងធ្លាក់ដើមដៃមក។ ក្រសួង បានពន្យល់ថា ដង្កូវហ្វូងត្រូវបានចាត់ទុកថា ជាសត្វល្អិតចង្រៃចម្បងមួយប្រភេទនៅអាស៊ី។មន្ត្រីជំនាញរបស់ អង្គការសេដាកលោក គៀម មករាឌី មានប្រសាសន៍ថា ប្រភេទដង្កូវហ្វូងនេះកើតនៅពេលអាកាសធាតុក្តៅខ្លាំងហើយសើមដែលលោក ពន្យល់ថាប្រជាកសិករដែលជួបប្រទះដង្កូវហ្វូងនេះអាចប្រើវិធីសាស្ត្រ មួយចំនួនដូចជាជីកកូនប្រឡាយនៅជុំវិញស្រែ ហើយបាចផេះនោះដង្កូវហ្វូងនឹងងាប់ ខណៈដែលមិនទាន់មានថ្នាំសម្លាប់សត្វល្អិតណាមានប្រសិទ្ធភាព។
ក្រសួងកសិកម្មបានប្រាប់ពីវិធីសាស្ត្រមួយចំនួនក្នុងការកម្ចាត់ដង្កូវ ហ្វូងដោយត្រូវសាបសំណាបឲ្យឆ្ងាយពីវាលស្មៅដែលជាទីជម្រករបស់វា បោចស្មៅចេញពីក្នុងស្រែឬចម្ការបូមទឹកដាក់ឲ្យច្រើនទៅក្នុងស្រែ រួចហើយដើរកៀរប្រមូលយកដង្កូវទៅកម្ទេចចោលឬក៏បញ្ចូលទាឲ្យទៅស៊ី ដង្កូវ។ ប្រភេទថ្នាំដែលមានឥទ្ធិពលលើដង្កូវហ្វូង និងដង្កូវកាត់ស្លឹកស្រូវមាន៖ អាស្សូវឌ្រិនក្នុងកម្រិតទឹក ៤០០-៥០០ លីត្រលាយនឹងថ្នាំ ១ លីត្រ និងសិវ៉ិន ក្នុងកម្រិត ២-៣ ស្លាបព្រាបាយដោយលាយជាមួយទឹក ១៥ លីត្រ។
ទោះជា យ៉ាងណា អ្នកភូមិបានអំពាវនាវ ដល់មន្ត្រីជំនាញជួយអន្តរាគមន៍ដល់ដំណាំស្រូវពួកគាត់ឲ្យបានទាន់ ពេលវេលាផង ដើម្បីបញ្ចៀសគ្រោះអន្តរាយដែលកើតឡើងពីសត្វដង្កូវរាតត្បាតលើដំណាំ កសិកម្មនោះ៕