រថយន្តហ៊ីយាន់ដាយ បើកបុកដើម ត្រសេកបាក់ខ្ទាតចូលស្រែ រថយន្ដខ្ទេចមួយកំណាត់មុខ
កំពង់ឆ្នាំង៖ រថយន្តហ៊ីយាន់ដាយ មួយគ្រឿង មិនដឹងជាចងកំហឹង បើកមកបំបុក ដើមត្រសេក ពីពេលណាបាក់ដាច់ប៉ើងទៅធ្លាក់វាលស្រែ រថយន្តរងការខូចខាតចំពិតធ្ងន់ធ្ងរ បើកបរ បានកៀបជាប់ ជាមួយចង្កូតរថយន្តរបួសធ្ងន់ធ្ងរ បាក់ជើង២កំណាត់ ព្រូរថយន្តរងរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង២និង១៥នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៣ស្ថិតនៅក្នុងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង ម៉ាក ហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក៣០៥៨ ភព៣ ជនរងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះឡើយ ប៉ុន្តែគេថា ជនរងគ្រោះទាំង២នាក់ រស់នៅក្នុងឃុំពង្រ ស្រុករលារប្អៀរ ជនរងគ្រោះគឺជាកម្មករបើកបររថយន្តដឹកទឹកកក អោយក្រុមហ៊ុនផលិត ទឹកកកមួយ ស្ថិតក្នុងភូមិ ក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស។
នគរបាលប៉ុស្តិ៍រដ្ឋាលជ្រៃបាក់ បានអោយដឹង នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ថា មុនពេលកើតហេតុគេបានឃើញរថយន្តបើកបរពីកើតទៅលេច គឺពីកំពង់ឆ្នាំង ទៅកាន់រោងចក្រផលិត ទឹកកកនៅក្នុងឃុំតាំងក្រសាំង ដើម្បីដឹកទឹកកកពីរោងចក្រយកមកលក់អោយម៉ូយនៅក្រុងកំពង់ឆ្នាំង ។ តាមការពិនិត្យស្លាកស្នាម នៅកន្លែងកើតហេតុបានដឹងថា រថយន្តខាងលើនេះបានបើកបរចេញពីខាងស្តាំដៃ ទៅបុកដើមត្រសេកមួយគុំ នៅចិញ្ចើមផ្លូវខាងឆ្វេងដៃ បានធ្វើអោយដើមត្រសេកមួយដើមមានទំហំគល់២តឹកបាក់ដាច់ប៉ើងទៅធ្លាក់វាលស្រែ ចំណែករថយន្តបានរងការខូចខាតចំពិតកាប៊ីនធ្ងន់ធ្ងរ ចំណែកបើកបរបានកៀបជាប់ជាមួយចង្កូតរថយន្តរបួសធ្ងន់ធ្ងរ បាក់ជើង២កំណាត់ ចំណែកព្រូរថយន្តរងរបួសស្រាល។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋក្នុងភូមិអូររោង ជាច្រើននាក់ និងសមត្ថកិច្ចបាននាំគ្នាជួយគាស់យកជនរងគ្រោះ ចេញពីក្នុងរថយន្ត បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងបន្តបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយសារតែសភាពរបួសគេធ្ងន់ធ្ងរ។
សមត្ថកិច្ច បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្តាលមកពីអ្នកបើកបរបើកលឿនក្នុងស្ថានភាពស្រវឹងឬងោកងុយ ទើបរេចង្កូតពីខាងស្តាំមកចិញ្ចើមផ្លូវខាងឆ្វេងបុកដើមត្រសេកពេញទំហឹង ទើបបង្កអោយមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯង៕