ប្រឈមជាប់គុកពី៥ឆ្នាំទៅ១០ឆ្នាំ ក្នុងអំពើហិង្សាបងថ្លៃកាប់ប្អូនថ្លៃ ដាច់ដៃម្ខាង
កណ្ដាល ៖ បងថ្លៃម្នាក់ដែលកាប់ប្អូនថ្លៃរហូតដាច់ដៃម្ខាង ព្រោះទំនាស់ពាក្យសម្ដី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
មន្ត្រីតុលាការ ថ្លែងថា ជនដៃដល់ត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការកាត់អវយវៈឬពិការភាព តាមមាត្រា២២៣នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។ ហេតុការណ៍ហិង្សាលើសាច់ញាតិខ្លួនឯងនេះ កើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា នៅចំណុចភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ។
សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ង៉ូយ អឿន អាយុ៥០ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ក្រូច សុន អាយុ៤០ឆ្នាំ ។
សមត្ថកិច្ច បានបន្តឲ្យដឹងថា មុនពេលកើតហេតុជនល្មើសឈ្មោះ ង៉ូយ អឿន បានដើរ ពីផ្ទះក្មួយឈ្មោះឈឿន តាប់ ។ ពេលដើរ មកដល់ផ្ទះរបស់ខ្លួនក៏អង្គុយនៅមាត់ទ្វារ ភ្លាមនោះជនរងគ្រោះឈ្មោះក្រូច សុន បានជេរម្រាយជនល្មើស ដៀលពូជអំបូរ ហើយ ជនល្មើស ក៏និយាយថា មិនបាច់ជេរទេ ម៉ែហ្អែងក៏មានដែរ។ ពេលនោះជនរងគ្រោះក៏បបួលជនល្មើសកាប់គ្នា មួយទល់មួយ ហើយ ជនល្មើសមិនព្រមចុះពីលើផ្ទះរបស់ខ្លួនទេ ជនរងគ្រោះ ក៏យកអំបែងពាងគប់ជនល្មើសចំដើមទ្រូង និង ដំបងឬស្សីគុប ចំចិញ្ចើមភ្នែកខាងឆ្វេងបណ្ដាលឲ្យរយះ ហូរឈាមជនល្មើសខឹងពេក ក៏ស្ទុះទាញយកកាំបិតខ្វែវ របស់ខ្លួន នៅក្បែរទ្វារ ចុះមកកាប់ជនរងគ្រោះត្រូវចំក ដៃខាងឆ្វេងបណ្ដាលឲ្យដាច់ដៃម្ខាង។ បន្ទាប់មក បងប្អូនកូនក្មួយ ក៏នាំគ្នាយកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដង។
លុះដល់ថ្ងៃទី១៤ ខែមិថុនា ទើប ជនរងគ្រោះនិងម្ដាយបង្កើត ឈ្មោះលូង បាននាំគ្នាមកដាក់ ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ ពេលនោះសមត្ថកិច្ច បានហៅជនល្មើសមកធ្វើការសាកសួរ។ ជនល្មើសបានសារភាពថា ខ្លួនបានប្រព្រឹត្តបទល្មើស កាប់ជនរងគ្រោះបណ្ដាលឲ្យដាច់កដៃប្រាកដមែន ៕