នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ត្រូវបានតុលាការសាកសួរ ៣ចំណុចសំខាន់ៗ
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការសាកសួរ អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពេញមួយព្រឹកថ្ងៃទី១៦ ខែមិថុនា មន្ត្រីតុលាការមួយរូបសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា តុលាការបានសាកសួរស្រីមុំ៣ចំណុចសំខាន់ៗ ពីដំណើររឿងសញ្ចារកម្ម ។
មន្ត្រីដដែល បញ្ជាក់ថា តុលាការបានសាកសួរពីដំណើរកំសាន្តទៅទីក្រុងបាងកក ប្រទេសថៃ ដែលស្រីមុំ បានជួបលោក កឹម សុខា ក្នុងសណ្ឋាគារមួយ នា ទីនោះ ។ ទី២ តុលាការបានសាកសួរពីការសន្យារបស់លោកកឹម សុខា ថានឹងធានាស្រីមុំ ឲ្យបានរស់នៅក្រៅប្រទេស ។ ទី៣ តុលាការបានសាកសួរពីការសន្យារបស់លោកមេឃុំ ស៊ាង ចែត នៃគណបក្សសម រង្ស៊ី ។
ដោយឡែក លោក គឹម វាសនា មេធាវី ការពារ ក្ដី ឲ្យ ស្រី មុំ បាន ឲ្យ ដឹងថា លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានការសាកសួរ លើ កូនក្ដី លោក ជុំវិញ តែ សញ្ចារកម្ម ពាក់ព័ន្ធ នឹង លោក កឹម សុខា លោក ពិន រតនា និង លោក តុ វ៉ាន ចាន់ ប៉ុណ្ណោះ ដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ។ លោក មេធាវីបាន អះអាងថា ចម្លើយ របស់ ស្រីមុំ ដែល បាន បកស្រាយ ប្រាប់ តុលាការ សុទ្ធតែជា ចម្លើយ ពិត ត្រឹមត្រូវ ព្រោះ ស្រីមុំ ជា ជនរងគ្រោះ នៅក្នុង រឿងនេះ ។
ស្របពេលដែលអ្នកនាង ខុម ចាន់តារ៉ាទី ចូលបំភ្លឺតុលាការ ប្រភពព័ត៌មានមួយចំនួន បានអះអាងថា តំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ ដែលជាជនសង្ស័យក្នុងសំណុំរឿងនេះ ហាក់ស្ងាត់ដំណឹងសូន្យឈឹង ដែលប្រភពព័ត៌មានខ្លះ អះអាងថា អ្នកទាំងពីរបានគេចខ្លួនទៅក្រៅបាត់ហើយ ដោយមិនហ៊ានប្រឈមមុខនឹងចំណាត់ការរបស់តុលាការ ។
គួររំលឹកថា លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ បានកោះហៅលោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកណ្ដាល និងលោក ពិន រតនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបង ឲ្យចូលបំភ្លឺកាលពីថ្ងៃទី១៦ ខែកន្លងទៅ ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធករណីសញ្ជារកម្ម ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ ។ ប៉ុន្តែ ដល់ថ្ងៃកំណត់ តំណាងរាស្ត្រទាំងពីររូប ពុំបានចូលបំភ្លឺនោះទេ ដោយចាត់ទុកថា តុលាការកោះហៅនេះមិនត្រឹមត្រូវ ព្រោះពួកគេមានអភ័យឯកសិទ្ធិ ។
មន្ត្រីតុលាការ ថ្លែងថា ទោះបី តំណាងរាស្ត្រទាំងពីររូបមិនចូលខ្លួនតាមដីកាកោះរបស់តុលាការ ក៏តុលាការបន្តនីតិវិធីទៅមុខដែរ ។
នីតិវិធីរបស់តុលាការ នាពេលនេះ ធ្វើឡើងបន្ទាប់ពីកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ អ្នកនាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានផ្តល់ចម្លើយសារភាពជូនព្រះរាជអាជ្ញារង សៀង សុខ ដោយបានលើកឡើងថា នៅក្នុងពេលមានទំនាក់ទំនងជាមួយលោក កឹម សុខា នោះ នាងបានទៅលេង ទីក្រុងបាងកក ជាមួយលោក កឹម សុខា ចំនួន២ដង ដោយលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥, លោក កឹម សុខា លោមលួងឲ្យលុយ ចំនួន៣០០០ដុល្លារ និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ងាយស្រួលចេញចូល។ ពេលទៅដល់ទីក្រុងបាងកកនោះ លោក តុវ៉ាន់ចាន់ ដែលជាអ្នកជូននាងទៅតាមបញ្ជារបស់លោក កឹម សុខា បាននាំនាងទៅស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ (មិនចាំលេខបន្ទប់) ហើយត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។
ដោយឡែកពេលទៅទីក្រុងបាងកក ជាមួយលោក កឹម សុខា លើកទី២ គឺចាប់ពីថ្ងៃទី០១ ទី០២ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កញ្ញា ស្រីមុំ បានបញ្ជាក់អះអាងថា នាងបានចេញទៅជាមួយឈ្មោះ ពិន រតនា ដោយមានការប្រាប់ពីលោក កឹម សុខា ឲ្យនាងទំនាក់ទំនងជាមួយគាត់ពេល ទៅដល់ប្រទេសថៃ។ នាងបានស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ ជាមួយបន្ទប់លោក កឹម សុខា ដោយលោក កឹម សុខា បានរង់ចាំនាងនៅក្នុង បន្ទប់មុន៕
ប្រភពពី ៖ គេហទំព័របាយ័ន