ជិះម៉ូតូលឿន រេចង្កូតទៅបុក នឹងព្រះសង្ឃនិមន្តបិណ្ឌបាត ដួលរងរបួសធ្ងន់
បាត់ដំបង ៖ បុរស ដឹកនំប៉័ង យកទៅដាក់ឲ្យម៉ូយ ក្នុងយ៉ាងលឿន រេចង្កូត ជ្រុលទៅបុកនឹងព្រះសង្ឃ ដែលកំពុងតែនិមន្តបិណ្ឌបាត តាមដងផ្លូវ ដួលបោកទៅលើផ្លូវ បណ្ដាលឲ្យរងរបួសជាទម្ងន់។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រុមទី ៨ ភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
តាមសាក្សីដែល ឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ គឺមានព្រះសង្ឃជាច្រើនអង្គ បាននិមន្តបិណ្ឌបាតតាមផ្លូវ គាប់ជួនពេលនោះដែរ ស្រាប់តែគេឃើញម៉ូតូរបស់បុរសម្នាក់ ជិះ ម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខ បាត់ដំបង 1C-5106 មានដឹកកញ្ឆេរនំប៉័ងពីក្រោយ បានបើកបរយ៉ាងលឿន ហើយទំនងជារេចង្កូត ក៏បានទៅប៉ះនឹងព្រះសង្ឃ រួចក៏ដួលខ្លួនឯង ប្រកាច់ប្រកិនពេញផ្លូវ។ ដោយឡែកព្រះសង្ឃមិនមានរងរបួសអ្វីនោះទេ។
ភ្លាមៗ នោះដែរ សមត្ថកិច្ចក៏បានចាត់បញ្ជូនជនរងគ្រោះរូបនេះ ទៅកាន់មន្ទីរពេទ្យអ៊ីមេចិនស៊ី ដើម្បីសង្គ្រោះ ដោយសារតែមុខរបួសមានសភាពធ្ងន់ធ្ងរ ហើយជនរងគ្រោះមិនមាននរណាម្នាក់ស្គាល់ពីសាវតារឡើយ ដោយគ្រាន់តែដឹងថា គេជាអ្នកធ្វើការក្នុងហាងនំប៉័ងណាមួយក្នុងក្រុងបាត់ដំបង ហើយក៏ជាអ្នកដឹកយកទៅបោះឲ្យម៉ូយដែរ។ នេះក៏ដោយសារតែការបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ដោយគ្មានមួកសុវត្ថិភាពការពារផង ទើបអាចបង្កទៅជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបែបនេះ៕