រថយន្តដឹកប្រេង បុករថយន្តកូរ៉េ ពេញទំហឹង មនុស្ស៨នាក់ រងរបួសធ្ងន់-ស្រាល
សៀមរាប ៖ មនុស្សប្រុសស្រីចំនួន៨នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍រថយន្តដឹកប្រេងបុករថយន្តកូរ៉េពេញទំហឹងក្នុងទិសដៅ បញ្ច្រាសគ្នា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
លោក វរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្តីទីស្រុកជីក្រែង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបញ្ច្រាសទិសគ្នារវាងរថយន្តដឹកប្រេងក្រុមហ៊ុនសាវីម៉ិចបុក ជាមួយរថយន្តកូរ៉េ។
លោក បន្តថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្ដាលឲ្យមនុស្សចំនួន៨នាក់រងរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្រី០៥នាក់។ ចំពោះអ្នករងរបួសធ្ងន់ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តសៀមរាបហើយ។
លោក បានបន្តថា រថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនសាវីម៉ិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 4A : 2177 បើកបរក្នុងទិសដៅពីលិចទៅទិសខាងកើត។ លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តកូរ៉េពណ៌សពាក់ស្លាកលេខសៀមរាប 2A : 5480 ដែលដឹកមនុស្សមកពីធ្វើបុណ្យ បើកបរពីកើតទៅលិច។ រថយន្តទាំងពីរត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង រីឯអ្នកបើកបររថយន្តដឹកប្រេងសាំង បន្ទាប់ពីជួបគ្រោះថ្នាក់ បានចុះរត់គេចខ្លួនបាត់៕