ប្រជាពលរដ្ឋរិះច្រកប៉ោយប៉ែត រិះគន់លោក ស៊ីម សំអាត មេប៉ូលិសអន្តោប្រវេសន៍ និង សៅ ប៊ុនរិទ្ធ ស្អុយរលួយដូចតែគ្នា
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមួយចំនួន បាននិយាយរិះគន់ថា បន្ទាប់ពីលោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ - ប៉ោយប៉ែត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវផ្លាស់ទៅកាន់ ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង កាលណាមក មេប៉ូលិសរូបនេះ (ស៊ឹម សំអាត ) នៅតែបន្តយកតួនាទី ទៅប្រព្រិត្តអំពើមិនប្រក្រតី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូច ដូចអ្វីដែលគាត់ (ស៊ឹម សំអាត) បានធ្វើនៅច្រកដូង និងក៍មិនសូវខុស ពីអ្វីដែលលោក សៅ ប៊ុនរិទ្ធធ្លាប់បានធ្វើនៅ ច្រកប៉ោយប៉ែត កន្លងមកនោះដែរ ។
សូមរម្លឹកត្រួសៗថា កាលលោក ស៊ីម សំអាត នៅធ្វើជាមេប៉ូលិស អន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ-ដូង... មានបណ្ដាញព័ត៌មានខ្លះ បានសរសេរផ្សាយថា តំណែងជាមេប៉ូលិសអន្តោប្រវេសន៍ ច្រកអន្តរជាតិដូងរបស់លោក ស៊ឹម សំអាត
មិនមែនបានមក ដោយងាយស្រួលនោះទេ គឺមានការប្រជែងគ្នា ខ្លាំងសម្បើមណាស់ ព្រោះវាជាប្រភពចំណូល មិនចេះរីងស្ងួត... ដែលក្នុងមួយអាណត្តិៗ អាចរកប្រាក់សម្រាប់ ជ្រែរកតំណែងថ្មី ឬបន្តកាន់អំណាច នៅកន្លែងចាស់បាន យ៉ាងងាយស្រួលបំផុត ។
ជាក់ស្តែងលោកស៊ឹម សំអាត ចាប់តាំងពីបានឡើងតំណែង ជាមេប៉ូលិសអន្តោប្រវេសន៍ ច្រកអន្តរជាតិដូងជំនួសលោក អ៊ឹង សុងយូរហូតមក... គាត់ (ស៊ឹម សំអាត) ត្រូវប៉ាន់ខ្លាំងមែនទែន ក្នុងការប្រមូលលុយ ច្រកហោប៉ៅផ្ទាល់ខ្លួន ។
ប្រភពបានរិះគន់ថា កាលនោះខណៈដែល ប្រជាពលរដ្ឋមកពី បណ្តាខេត្តនានា នាំគ្នាធ្វើចំណាកស្រុក ទៅស្វែងរកការងារ ធ្វើនៅប្រទេសថៃ ក្នុងមួយថ្ងៃៗរាប់រយនាក់ ដែលតម្រូវឲ្យពួកគាត់ ទៅទាក់ទងឲ្យប៉ូលិស អន្តោប្រវេសន៍ ជួយធ្វើប័ណ្ណឆ្លងដែននោះ លោក ស៊ឹម សំអាត និងមន្ត្រីប៉ូលិស ប្រចាំច្រកដូង តែងឆ្លៀតឱកាសកំណត់ឲ្យ ប្រជាពលរដ្ឋបង់ប្រាក់ សម្រាប់ការធ្វើប័ណ្ណឆ្លងដែន ក្នុងមួយក្បាលតម្លៃពី ៦៣០០០រៀល ទៅ ៧៣០០០រៀល ទោះជាអ្នកនៅក្នុងស្រុក ឬនៅខេត្តណាក៏ដោយ ។ ទង្វើបែបនេះ ជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើ អនុក្រឹត្យលេខ៦៨ ត្រង់មាត្រា៧ ដែលរាជរដ្ឋាភិបាល បានកំណត់ឲ្យយកថ្លៃ ធ្វើប័ណ្ណឆ្លងដែន ក្នុងមួយក្បាលៗតែ ២ម៉ឺនរៀលប៉ុណ្ណោះ ។ ក្រៅពីករណីមិនប្រក្រតីនោះ ក៍មានបញ្ហាជាច្រើនទៀត ដែលកើតមាននៅច្រកទ្វារ ព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ដូចជាការឃុបឃិត ឲ្យក្រុមឈ្មួញនាំចូល ទំនិញគេចពន្ធខុសច្បាប់ មកពីប្រទេសថៃ យ៉ាងអនាធិបតេយ្យ ជាដើម ។
ប៉ុន្តែមកដល់ពេលនេះលោក ស៊ឹម សំអាត ត្រូវបានថ្នាក់លើដោះដូរ ពីមេប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ឲ្យឡើងទៅធ្វើជា មេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ - ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមរូបភាពផ្លាស់ប្ដូរ តួនាទីគ្នាទៅវិញទៅមករវាងលោក ស៊ឹម សំអាត និងលោក សៅ ប៊ុនរិទ្ធ កាលពី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ យ៉ាងគ្រហ៊ើៗទៅហើយ... ហើយគេក៍បានដឹងដែរថា មេប៉ូលិសអន្តោប្រវេសន៍ ទាំងពីរនាក់នេះ នៅតែយកតួនាទីរបស់ខ្លួន ទៅធ្វើរឿងដដែលៗ ដោយគ្មានការកោតខ្លាច អំណាចរបស់ថ្នាក់លើ ឬអំណាចរបស់អង្គភាព ប្រឆាំងអំពើពុករលួយឡើយ ។ ពោលគឺប្រភពបានប្រាប់ថា មេប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ - ប៉ោយប៉ែត ស៊ឹម សំអាត</strong>
បច្ចុប្បន្ន បាននិងកំពុងធ្វើដូចលោក សៅ ប៊ុនរិទ្ធ កន្លងមកអញ្ចឹងដែរ... គ្រាន់តែខុសគ្នាតិចតួចប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រភពបានបញ្ជាក់ថា កន្លងមកមានបណ្ដាញ ផ្សព្វផ្សាយជាច្រើន បាននាំគ្នារិះគន់ធ្ងន់ ទៅលើលោក សៅ ប៊ុនរិទ្ធ កាលគាត់នៅធ្វើជា មេប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ - ប៉ោយប៉ែត ។ ក្នុងចំណោមនោះ មានគេហទំព័រខ្លះ បានសរសេររិះគន់ថា ក្នុងរយៈកាល ប៉ុន្មានឆ្នាំមកនេះ មន្ត្រីៗនគរបាល អន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារ អន្តរជាតិ-ប៉ោយប៉េត ក្រោមការដឹកនាំ គ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ ជាប្រធាន បាននិងកំពុងធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋ កាន់តែខឹងសម្បារខ្លាំងឡើងៗ ។
ការខឹងសម្បារ និងការស្អប់ខ្ពើមនោះ វាបានកើតឡើងដោយសារតែ មន្ត្រីៗនគរបាល អន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារ អន្តរជាតិ - ប៉ោយប៉េត តែងគាបយកលុយ ពីពលករខ្មែរក្រីក្រ រាប់រយពាន់នាក់ ដែលត្រូវបង្ខំចិត្ត ធ្វើចំណាកស្រុក ចូលទៅរកការងារធ្វើ នៅក្នុងទឹកដីថៃក្នុងម្នាក់ៗ រាប់រយ ឬរាប់បាន់បាត ជាថ្នូរនឹងការចេញ ប័ណ្ណឆ្លងដែនពណ៌ស អនុញ្ញាតិឲ្យអាចចូល ទៅក្នុងទឹកដីថៃ ត្រឹមស្រុកអារញ្ញ ខេត្តស្រះកែវបាន ។ បញ្ហានេះវាផ្ទុយទាំងស្រុង ទៅនឹងអនុក្រឹត្យលេខ ៦៨ អនក្រ-បក ចុះ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ ស្តីពីការប្រើប្រាស់ ប័ណ្ណឆ្លងដែន នៅតាមច្រក ព្រំដែនកម្ពុជា-ថៃ គឺរដ្ឋបានកំណត់ តម្លៃជូនពលរដ្ឋខ្មែរ ដែលរស់នៅតាមខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្លងដែនចូលប្រទេសថៃ ដូចជាទៅកាន់ ខេត្តស្រះកែវ ខេត្តប្រាជិនបុរី ក្នុងតម្លៃតែ ២ម៉ឺនរៀលប៉ុណ្ណោះ ។
ក្រៅពីការ គាបយកលុយ ថ្លៃធ្វើប័ណ្ណឆ្លងដែនពណ៌ស ទៅឲ្យពលករខ្មែរក្រីក្រ រាប់រយ ឬរាប់ពាន់នាក់ ដែលធ្វើចំណាកស្រុក ចូលទៅរកការងារធ្វើ នៅក្នុងទឹកដីថៃនោះ សូម្បីតែពេលដែល បងប្អូនពលករខ្មែរ នាំគ្នាវិលត្រឡប់ ពីធ្វើការងារនៅថៃ ចូលមកកម្ពុជា ជាប្រទេសខ្លួនវិញ ក៍តែងកើតមានរឿង គេគាបយកលុយ ពីពួកគាត់ដែរ ។ មិនតែប៉ុណ្ណោះ មានឮព័ត៌មានថា មេប៉ូលិសអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារ អន្តរជាតិ - ប៉ោយប៉ែត ក៍ត្រូវប៉ាន់យ៉ាងខ្លាំង នឹងរឿងអនុញ្ញាតឲ្យ ពួកឈ្មួញនាំចូល នូវទំនិញគ្រប់ប្រភេទ តាមច្រករបៀង នៅពេលយប់ និងជាពិសេស ការអនុញ្ញាតឲ្យ ជនជាតិថៃរាប់សិប ឬរាប់រយនាក់ ចូលមកលេងល្បែង តាមកាស៊ីណូនានា នៅក្នុងទឹកដីខ្មែរ ក្បែរព្រំដែននោះ ទៀតផង ។
អញ្ចឹងទេ បងប្អូនប្រជាពលរដ្ឋ ជាច្រើនមជ្ឈដ្ឋាន បាននាំគ្នាសំណូមពរថា សូមឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើល... ឬសូមកុំមើលរំលង នូវអំពើមិនប្រក្រតីរបស់ មេប៉ូលិសអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារ អន្តរជាតិ - ប៉ោយប៉ែត ដែលសព្វថ្ងៃគ្រប់គ្រង ដឹកនាំដោយលោក ស៊ឹម សំអាត (ជំនួសលោក សៅ ប៊ុនរិទ្ធ) នោះឲ្យសោះ... ព្រោះឮថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ លោក ស៊ឹម សំអាត ក៍មិនសូវខុសគ្នាពីលោក សៅ ប៊ុនរិទ្ធ នោះទេ... ពោលគឺគាត់ (ស៊ឹម សំអាត ) បាននិងកំពុងចាប់ផ្ដើមធ្វើឲ្យ ប្រជាពលរដ្ឋខឹងសម្បារ និងស្អប់ខ្ពើមខ្លាំងឡើងៗ ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ នគរបាលជាតិ ឬថ្នាក់ដឹកនាំបក្ស ពីមួយថ្ងៃទៅមួយថ្ងៃ ប្រហាក់ប្រហែលករណីលោក។