លោក ហ៊ុន ជា ឧកញ៉ាមហាខ្លាំងដឹកឈើគ្មានច្បាប់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ
ខេត្តរតនគីរី ៖ ឈ្មួញធំៗបានសម្រុកដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រក ទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកដែរ ដោយពុំមាន មន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធហ៊ានប៉ះពាល់ ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក៏បានឲ្យដឹងដែរថា ឈ្មួញធំៗមានដូចជា ឧកញ៉ា ហុន ជា និងឈ្មួញមានមុខមាត់ច្រើនទៀតបានដឹកជញ្ជូនឈើប្រណីតចេញ ទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះកើតឡើងយ៉ាងអនាធិបតេយ្យ ទើបបទល្មើសកាប់ឈើក្នុងស្រុកលំផាត់ ស្រុកកូនមុំ ស្រុកអណ្ដូងមាស ស្រុកតាវែង និងស្រុកអូរយ៉ាដាវ កំពុងរាលដាលយ៉ាងពេញបន្ទុក។ ចំណែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី មិនយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជារបស់លោក ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធឈើប្រណីតទៅស្រុកយួននោះទេ ហើយបែរជារក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យបទល្មើសនៅតែរាលដាលដដែល ។
លោក អ៊ី ចំរើន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី កំពុងល្បីល្បាញខាងឃុបឃិតបើកដៃឲ្យឈ្មួញជាច្រើននាក់ដឹកជញ្ជូនឈើប្រណីតទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដោយសារតែមានការបើកដៃពីលោក អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ទើបឈ្មួញអាចដឹកជញ្ជូនឈើតាមរថយន្តកាមរីបាឡែន កាមរីឆ្លាម ធុនដ្រា និងរថយន្តសាំយ៉ុងជាដើម ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងគគ្រឹកគគ្រេង។ ហេតុនេះហើយទើបមានការរិះគន់ចំៗថាលោក អ៊ី ចំរើន ចូលកាន់តំណែងជាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជំនួសលោក ឡុង រុក្ខា មិនបានប៉ុន្មានថ្ងៃផងក៏ចាប់ផ្ដើមឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនស្រេចតែអំពើចិត្ត។
ឈ្មួញដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះ មានដូចជាឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះ ស្រីម៉ី ។ ការដែលឈ្មួញទាំងអស់នេះអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានការរំខាន គឺដោយសារពួកគេត្រូវរ៉ូវជាមួយលោក អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមរយៈការបែងចែកផលប្រយោជន៍គ្នា។
ពាក់ព័ន្ធព័ត៌មានចោទប្រកាន់ខាងលើព័ត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការដើម្បីពត៌មានសុក្រិត្យ ៕