ឈ្មួញឈើ ធី បាញ់ ដឹកឈើទៅស្រុកយួន
តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថា ឈើទ្រៀកនិងឈើប្រភេទផ្សេងៗទៀតដែលឈ្មួញឈ្មោះ ធី បាញ់ ដឹកជញ្ជូនទៅស្រុកយួន គឺគេប្រមូលទិញនៅចំណុយភ្នំខៀវក្នុងភូមិអូរកណ្ដៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានជាច្រើន។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ ធី បាញ់ និងបក្ខពួកបានជំរុញឲ្យប្រជាពលរដ្ឋក្រីក្រយករថយន្តកែច្នៃនិងត្រាក់ទ័រជាច្រើនគ្រឿងចូលកាប់និងអារច្រៀកឈើនៅចំណុចភ្នំខៀវ ឃុំអូរគ្រៀង យ៉ាងអនាធិបតេយ្យ ហើយយកមកលក់ឲ្យពួកគេក្នុងតម្លៃថោកៗ។ មន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានក្នុងស្រុកសំបូរ ត្រូវគេដឹងថា ទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ ធី បាញ់ ។
ប្រភពពីប្រជាពលរដ្ឋខេត្តក្រចេះ បានឲ្យដឹងថាឈ្មោះ ធី បាញ់ ដែលជាឈ្មួញល្បីល្បាញខាងរកស៊ីដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួននាពេលកន្លងមកនោះ ក្រោយពេលផ្អាកសកម្មភាពមួយរយៈក៏បានចាប់ផ្ដើមដឹកជញ្ជូនឈើទៅស្រុកយួនឡើងវិញហើយ។ មន្ត្រីអាជ្ញាធរមូលដ្ឋាននៃបណ្ដាឃុំមួយចំនួនសងខាងផ្លូវជាតិលេខ៧៦ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មានរថយន្តដឹកឈើប្រណីតប្រភេទសាំយ៉ុង និងកាមរីគូថស្វិត រថយន្ត១បាំងកន្លះប្រមាណ១៥ទៅ២០គ្រឿងដឹកជញ្ជូនឈើលើផ្លូវជាតិលេខ៧៦យ៉ាងរលូន។ មិនតែប៉ុណ្ណោះឈ្មួញឈ្មោះ ធី បាញ់ ក៏ប្រើប្រាស់រថយន្តយីឌុបភ្លៅ៥ដឹកជញ្ជូនឈើទ្រៀកទៅស្រុកយួន ដោយឆ្លងកាត់ផ្លូវជាតិលេខ៧៦ ។
សមត្ថកិច្ចនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងដែរថា មួយរយៈពេលចុងក្រោយនេះ ឈ្មួញឈ្មោះ ធី បាញ់ និងបក្ខពួកកំពុងធ្វើសកម្មភាពដឹកឈើទ្រៀកនិងឈើប្រណីតចេញតាមច្រកព្រំដែននិងច្រករបៀងមួយចំនួនក្នុងស្រុកមេមត់ ដោយមានការឃុបឃិតជាប្រព័ន្ធ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ អំពាវនាវឲ្យលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ចាត់វិធានការទប់ស្កាត់បទល្មើសកាប់ឈើក្នុងមូលដ្ឋានរបស់ពួកគាត់ជាបន្ទាន់ ព្រោះលោក ទ្រី សុភ័ក្ដ្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ មិនចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងស្រុកសំបូរឡើយ។ ផ្ទុយទៅវិញមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងបក្ខពួកគិតតែពីរឿងផលប្រយោជន៍ប៉ុណ្ណោះ ៕